ខេត្តកណ្តាល ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាមមាញឹកនឹងការងារចុះជួបសំណេះសំណាលចែកអំណោយអោយប្រជាពលរដ្ឋ និងជួបជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់នៅខេត្តព្រៃវែង ស្ទើរពេញ១ថ្ងៃ ក៏សម្តេចតេជោ ឆ្លៀតអញ្ជើញមកទស្សនាការប្រណាំងទូក នៅក្រុងតាខ្មៅ ខេត្តកណ្តាល ជាមួយនឹងសម្លៀកបំពាក់ ដ៏ស្រស់ស្អាត ខ្ញង់មិនធម្មតាដែរ ពិសេសសុខភាពរឹងមាំ បំផុត ។
មុននេះបន្តិច ! សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំណេរលើផេកផ្លូវការថា, ថ្ងៃនេះ ! សម្លៀកបំពាក់ប្លែកបន្តិចដែលបងប្អូនខ្លះថាខ្ញុំចាយរាងបន្តិចដែរ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងបន្តថា, កម្របានស្លៀកពាក់បែបនេះណាស់ពេលណាក៍សម្លៀកផ្លូវការឬពាក់កណ្តាលផ្លូវការគួរឲ្យធុញទ្រាន់តែត្រូវបង្ខំចិត្តត្រូវតែស្លៀកពាក់ឲ្យស្រមតាមកម្មវិធី។
សូមបញ្ជាក់ថា, នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
ជាមួយនិងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខ សុវត្តិភាព ចំនួន ៧៨៤នាក់។
ភាពសប្បាយរីករាយទាំងនេះកើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ៕
ដោយ : សុខ ខេមរា