ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានចំនួនប្រមាណ១៥០.០០០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកំសាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួនប្រមាណ១៥០.០០០នាក់។ 

រដ្ឋបាលខេត្ត​ បានបញ្ជាក់បន្ថែមថា​ កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានោះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុផងដែរ៕

ដោយ៖ស​ តារា


ចែករំលែក៖