ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកំសាន្ត នៅខេត្តព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ មានចំនួនប្រមាណ១៥០.០០០នាក់។
រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានោះ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុផងដែរ៕

ដោយ៖ស តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច