ក្រុម Olympique Marseille នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម TottenhamHotspur សម្រាប់ការប្រកួតវគ្គចែកពូល UEFA Champions League នៅកីឡដ្ឋាន Stade Orange Vélodrome នៅរាត្រីថ្ងៃអង្គារ ជាមួយនឹងក្រុមភ្ញៀវកំពុងសម្លឹងរកការទទួលបានកៅអីមួយក្នុងវគ្គជម្រុះនេះ។
ក្រុម Marseille បានរងបរាជ័យក្នុងលទ្ធផល ២–១ ក្នុងការធ្វើដំណើររបស់ពួកគេក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Eintracht Frankfurt។ ពេលនោះកីឡាករ Mattéo Guendouzi គឺជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទី១គ្រាប់សម្រាប់ Marseille។ ក្រុមនេះមិនឈ្នះក្នុងការប្រកួត៤លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ស្មើ១ និងចាញ់៣)។
ចំណែកក្រុម Tottenham បានលេងស្មើ ១–១ ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅឯផ្ទះទល់នឹងក្រុម Sporting CP។ កីឡាករRodrigo Bentancur គឺជាកីឡាករដែលរកគ្រាប់បាល់នៅពេលនោះ។Tottenham កំពុងឈរកំពូលតារាងក្នុងពូលមាន៨ពិន្ទុ ខណៈ Marseille ៦ពិន្ទុឈរលេខ៤។ ក្រុមភ្ញៀវបច្ចុប្បន្នកំពុងឈរលើគេសម្រាប់ឱកាសទៅកាន់វគ្គ១៦ក្រុម ខណៈក្រុមម្ចាស់ផ្ទះស្ថិតក្នុងស្ថានភាពដែលត្រូវជម្រុះចេញពីការប្រកួតនៅអឺរ៉ុប។
រីឯក្រុម Sporting CP ស្ថិតនៅលេខ២ក្នុងពូលដោយមាន៧ពិន្ទុល្អក្នុងការឈានទៅវគ្គបន្តដែរ ហើយក្រុម Eintracht Frankfurt ស្ថិតក្នុងគ្រោះថ្នាក់នៃការផ្ទេរទៅកាន់វគ្គ Play-Off ជុំផ្តាច់ព្រ័ត្រ Europa League ដោយឈរនៅលេខរៀងទី៣ មាន៧ពិន្ទុដូចគ្នា។
ក្នុងការជួបគ្នាក្នុងពូលដំបូងក្រុម Tottenham បានយកឈ្នះ Marseille ២–០ កាលពីថ្ងៃទី៧ ខែកញ្ញា។ Richarlison បាននាំមុខក្រុម Spurs ដោយគ្រាប់បាល់បញ្ចូលទីពីរគ្រាប់នៅនាទី៧៦ និងនាទីទី៨១។
សម្រាប់ក្រុម Tottenham ត្រូវបានជួយដោយ Son Heung-Min និង Richarlison ដែលម្នាក់ៗរកបាន២គ្រាប់ក្នុងយុទ្ធនាការ Champions League រដូវកាលនេះ។ ចំណែក Guendouzi និង Alexis Sánchez គឺជាកីឡាករឆ្នើមសម្រាប់ Marseille ក្នុងការប្រកួត Champions League ។ ពួកគេគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុមដែលមាន២គ្រាប់។
ក្រុមម្ចាស់ផ្ទះ Marseille បានស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League ៣ជាប់ៗគ្នាក្នុងរដូវកាលនេះ។ ក្រុមនេះមិនទទួលបានលទ្ធផលល្អទេ ចាប់តាំងពីការចាញ់ក្នុងពូលរបស់ពួកគេទល់នឹង EintrachtFrankfurt។ ក្នុងការប្រកួត Champions League ពីរលើកមុនរបស់ពួកគេនៅផ្ទះក្នុងរដូវកាលនេះ Marseille ឈ្នះ១ និងចាញ់១។ ក្រុម Tottenhamមានលទ្ធផលស្មើមួយ និងចាញ់មួយនៅលើផ្លូវក្នុងការប្រកួតក្នុងរដូវកាលនេះក្នុងការប្រកួតចំនួន២។
ក្នុងការប្រកួត៦លើកចុងក្រោយរបស់ខ្លួនក្នុងគ្រប់ការប្រកួត Marseille ឈ្នះ១ ស្មើ១ និងចាញ់៤។ ពួកគេបានស៊ុតបាល់បញ្ចូលទី៦គ្រាប់ និងរបូត៨គ្រាប់ក្នុងអំឡុងពេលនោះ។ ចំណែក Tottenham ឈ្នះ៣ ស្មើ១ និងចាញ់២ក្នុង៦ក្រុមចុងក្រោយ។ ពួកគេបានស៊ុតបាល់បញ្ចូលទី១០គ្រាប់ និងរបូតវិញ៩គ្រាប់ នៅក្នុងការប្រកួតនោះ។ ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅវេលាម៉ោង៣រំលងអធ្រាត្រម៉ោងនៅកម្ពុជា ហើយប្រសិនបើក្រុម Tottenhamឈ្នះ ឬស្មើនឹងមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាមួយ Man City និង Liverpool ដែលមកពីអង់គ្លេសដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)