ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៖ កម្ពុជាទទួលស្គាល់មានការជួញដូរមនុស្ស ប៉ុន្តែមិនច្រើន​ដូច​ការចោទ ប្រកាន់​ទេ

ចែករំលែក៖

ភ្នំពេញ៖  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំង​ការជួញដូរមនុស្ស(គ.ជ.ប.ជ)លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជាពិតជាបានកើតឡើងប្រាកដមែន ប៉ុន្តែវាពុំមាន​ច្រើន​រាប់ពាន់​រាប់ម៉ឺន​ដូច​ការ​ចោទ​ប្រកាន់​ពី​បរទេសនោះទេ ខណៈការជួញ ដូរនេះក៏មិនមែនខ្មែរជាអ្នកធ្វើដែរ គឺ​វា​កើត​ឡើង​រវាង​បរទេស និងបរទេសដូចគ្នាតែប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបើកសិក្ខាសាលា ស្តីពី​ការ​រៀបចំ​ «ការ​បង្កើត​ផែន​ការ​សកម្មភាព​ជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃផែនការសកម្មភាពជាតិ(ឆ្នាំ២០២២-២០២៣) រយៈពេល​ពីរ​ថ្ងៃ ស្ថិតនៅភោជនីយដ្ឋានទន្លេបាកសាក់២ នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា បទល្មើសជូញដូរមនុស្ស ដែលបានកើត​នៅ​ប្រទេស​កម្ពុជា​នា​ពេលប​ច្ចុប្បន្ននេះ គឺជាបទល្មើសថ្មី ដោយសារតែវាបានកើតឡើងតាមរយៈអនឡាញ ប៉ុន្តែ​ទោះ​ជាយ៉ាងណាក៏ដោយករណី នេះក៏វាមិនមែនកើតឡើងតែនៅកម្ពុជានោះដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២២នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ,កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានតាមដានស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន១២២ករណី ដោយ​ធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​បញ្ជូនទៅសាលាដំបូងចំនួន ១៤៧ករណី (ស្រី១៦នាក់) អនីតិជន ១៣នាក់។ ក្នុងនោះ ជន​សង្ស័យដែលជាជនបរទេសចំនួន ២២នាក់ មាន៤សញ្ជាតិ គឺជនជាតិចិន ១៩នាក់ ជនជាតិ​ថៃ ១នាក់ ជនជាតិវៀតណាម ១នាក់ និងបង់ក្លាដេស ១នាក់។

ជាមួយនឹងការបង្រ្កាបការជួយដូរមនុស្សនេះ អាជ្ញាធរក៏បានជួយសង្រ្គោះជនរងគ្រោះ ២៥៤នាក់ (ស្រី១៩០នាក់) ក្នុងនោះអាយុក្រោម១៥ឆ្នាំ ១០០នាក់ អាយុ១៥ទៅ១៧ឆ្នាំ ២៩នាក់ និង​អាយុ​ពី ១៨ឆ្នាំឡើងទៅ ១២៥នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣២នាក់ (ស្រី៣១នាក់) និង​ប្រគល់​ឲ្យ​គ្រួសារ ២២២នាក់ (ស្រី១៥៩នាក់)៕

ដោយ៖ សូរិយា


ចែករំលែក៖