ភ្នំពេញ ៖ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នង ការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឲ្យ ដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ កម្ពុជាបានត្រៀមកម្លាំងសមត្ថកិច្ចមកពី១៤ ស្ថាប័ន ពាក់ព័ន្ធ រួមទាំងរថយន្តការពារគ្រាប់និងមានទាំងការពារ ផ្លូវអាកាស ផ្លូវទឹក ប្រមាណ១ម៉ឺននាក់ ដើម្បីត្រៀមការ ពារប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលននឹង ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
រាជរដ្ឋាភិបាលបានបង្កើតនៅគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយ នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន សមាជិក គណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់់បម្រើឲ្យកិច្ចប្រជុំនេះ។អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈ កម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុ គណៈកម្មការទី៤) បានរៀបចំផែនការការពារតាំងពីខែ មករា ដោយផែនការនេះ បានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារមុខសញ្ញាដែលត្រូវការពារសុទ្ធ តែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិមសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខសណ្តាប់ធ្នាប់ តាមដងផ្លូវ នៃប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំកន្លែងទស្សនកិច្ច និងកន្លែងជប់លៀង។ល។ ហើយបែងចែកឲ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនីមួយៗ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការ អនុវត្តផែនការនេះនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានអនុគណៈការទី៤បានដាក់ចេញ ផែនការ២សំខាន់ ទី១.កិច្ចការក្នុងប្រទេស គឺបានរៀបចំចាត់តាំងឲ្យមានការហ្វឹកហាត់ ឲ្យសាកល្បងកម្លាំងដូច ជា ការពារក្បួន,ការពារផ្ទាល់សម្រាប់ប្រតិភូ,ការរៀបចំក្បួនដឹកនាំគណៈប្រតិភូ,ការរៀនភាសា សម្រាប់អង្គរក្ស ការពារផ្ទាល់ និងវិធីសាស្ត្រមួយចំនួនទៀតពាក់ព័ន្ធដល់កិច្ចការពារសម្រាប់កិច្ចប្រជុំនេះ។ ទី២. កិច្ចការក្រៅ ប្រទេស គឺបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរ សហការជាច្រើនដូចជា FBI INTERPOL (អ៊ីនធឺប៉ូល) ប៉ូលិសចិន កូរ៉េ សឹង្ហពួរ និងប្រទេសសមាជិកតំបន់អាស៊ាន ដោយទទួលបានកិច្ចសហការគាំទ្រជាច្រើន ដោយនៅក្នុងនោះមានទាំងការផ្តល់បទពិសោធន៍ និងការចាត់គ្រូមកបំប៉នជំនាញអន្តរាគមន៍សម្រាប់កិច្ចការ ពារកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ៕
ដោយ៖ សូរិយា