ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុកប្រទះឃើញ​បុរសម្នាក់ដេកស្លាប់សង្ស័យរថយន្តបុក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវអ្នកស្រុកប្រទះឃើញដេកស្លាប់ នៅព្រឹកថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចផ្លូវធារាសាស្រ្ត ស្ថិតនៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។

នគរបាលបានឲ្យដឹងថា៖ សពដែលគេប្រទះឃើញ ឈ្មោះ ម៉ៅ ឆន ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ បើយោងតាមការបំភ្លឺរបស់ឈ្មោះ យី យ៉ា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលជាអ្នកភូមិជាមួយគ្នាបានបញ្ជាក់ថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគាត់មានគ្នា៥នាក់ ទាំងជនរងគ្រោះ បានផឹកស្រា ស ជាមួយគ្នា នៅរោងចាំស្រែក្បែរផ្លូវធារាសាស្រ្ត ចម្ងាយពីផ្លូវ២៥៨D ប្រហែល៣០០ម៉ែត្រ ដល់ម៉ោង០៥និង៣០នាទីល្ងាច ជនរងគ្រោះបានសុំមកផ្ទះមុន លុះដល់ម៉ោង០៦និង១០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ស្រាប់លឺដំណឹងថា ឈ្មោះ ម៉ៅ ឆន បានស្លាប់ ។

នគរបាលបានបញ្ជាក់ថា៖ ក្រោយពីទទួលបានព័ត៌មាន យើងបានបង្កើតគណៈកម្មការដែលមានសមាសភាព លោកអធិការរង ទទួលការងារព្រហ្មទណ្ឌ, លោកអធិការរង ទទួលការងារចរាចរណ៍, សមាជិកក្រុមប្រឹក្សាឃុំ អូរបីជាន់,លោកមេបញ្ជាការរងកងរាជអាវុធមូលដ្ឋានស្រុកអូរជ្រៅ នាយផ្នែកនគរ​បាលព្រហ្មទណ្ឌ,លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអូរបីជាន់,លោកនាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ,លោកគ្រូពេទ្យមណ្ឌលអូរបីជាន់,លោកអនុភូមិស្នួលទ្រេតនិងក្រុមគ្រួសារសព ដើម្បីធ្វើការត្រួតពិនិត្យ សព ក្នុងនោះរកឃើញមាន៖ ស្លាកស្នាមបែកក្បាលខាងក្រោយ ,បាក់ដៃស្តាំ,រលាត់ស្មងជើងស្តាំ,ឈាមហូរចេញតាមត្រចៀកស្តាំ ។

តាមការសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះសង្ស័យរថយន្តបើកកៀររួច រត់គេចខ្លួនបាត់ ព្រោះឃើញមានស្នាមកង់រថយន្តនៅជាប់កន្លែងជនរងគ្រោះដេកស្លាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖