ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខយាមក្លឹប បើករថយន្តភ្ញៀវទៅរកកន្លែងចតជ្រុល ចង្កូតឡើងលើខឿនពុះចែកទ្រូងផ្លូវកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់យាមនៅក្លឹបមួយកន្លែង ក្នុងបរិវេណបឹងកក់ បើករថយន្តម៉ាកឡិចស៊ីសGS-300 មួយគ្រឿង ដែលភ្ញៀវបើកមកចូលក្លឹប ទៅរកកន្លែងចត បណ្តាលឲ្យជ្រុលចង្កូតទៅឡើងលើខឿនពុះចែកចែកទ្រូងផ្លូវរងការខូចខាតនិងកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ១០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ខែ វិឆ្ឆិកាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ១១៣ កែងនឹងផ្លូវ ៦០៦ ក្នុងបរិវេណបឹងកក់ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺឃើញមាននារីម្នាក់បើករថយន្តឡិចស៊ីស GS- 300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AI-6870 មកចូលក្លឹបនៅក្បែរកន្លែងកើតហេតុខាងលើ ខណៈនោះក៏ឲ្យសន្តិសុខដែលយាមនៅក្លឹបជួយបើករថយន្តទៅរកកន្លែងចត ខណៈនោះសន្តិសុខក៏បានឡើងបើកធ្វើដំណើរតាមបណ្ដោយផ្លូវ១១៣ ទិសដៅ ពីជើងទៅត្បូងខណៈមកដល់ចំណុចកែងនិងផ្លូវ ៦០៦ ក៏បានបត់ឆ្វេងដៃត្រឡប់ក្រោយវិញដោយល្បឿនលឿនដល់កន្លែងកើតហេតុខាងលើ បួងចង្កូតមិនទាន់ក៏ជ្រុលឡើងលើខឿនពុះចែកទ្រូងផ្លូវអូសរថយន្តទៅមុខជាច្រើនម៉ែត្ររងការខូចខាត និងកល់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុភាគីខាងរថយន្តនិងភាគីសន្តិសុខបានធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីសន្តិសុខបានយករថយន្តទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង ចំណែកខឿនពុះចែកទ្រូងផ្លូវសន្តិសុខនិងសម្របសម្រួលគ្នាជាមួយភាគីខាងក្រុមហ៊ុនបន្តទៀតនៅពេលក្រោយ ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖