ខេត្តរតនគិរី ៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក(៧.៨.៩ខែវិច្ឆិកាឆ្នាំ២០២២)ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគីរីដែលប្រការនេះចំនួនភ្ញៀវកើនទ្បើងគួរឲ្យកត់សម្គាល់។ ពោលគឺរយៈពេល៣ថ្ងៃនេះមានភ្ញៀវសរុបចំនួន១៩ ១២៨នាក់ក្មុងនោះភ្ញៀវទេសចរជាតិមានចំនួនមានចំនួន១៩.០៧៥នាក់ភ្ញៀវទេសចរអន្តរជាតិចំនួន៥៣នាក់ ដែលចំនួននេះមានការកើនឡើង ៦.៣៩%ក្នុងនោះភ្ញៀវជាតិកើនឡើង៦.៣៧% ភ្ញៀវអន្តរជាតិកើនឡើង១២.៧៧% បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ភ្ញៀងជាតិមានត្រឹមតែចំនួនតែ១៧,៩៧៩។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានសម្តែងនូវមោទនភាពនៃការកើនឡើងភ្ញៀវទេសចរឆ្នាំនេះ ដោយការកើនឡើងនេះ គឺកើតចេញពីការគិតគូរយក ចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាល ខេត្ត។ ជាក់ស្តែងដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងអំឡុង ពេលព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល៣ថ្ងៃនេះ ( ថ្ងៃទី ៧.៨.៩ ខែវិច្ឆិកា ឆ្នាំ២០២២) លោកអភិបាលខេត្តបានណែនាំឲ្យមន្ត្រីរាជការសម្អាតតាមមន្ទីរអង្គភាពសម្អាត តាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋាននានា។
ដោយឡែកសោភ័ណភាពលម្អតាមដងផ្លូវក្នុងក្រុងបានលុង បានរំលេចទៅដោយភ្លើងពណ៌ចម្រុះគ្រប់ទីកន្លែង មើលទៅគួរឲ្យចង់គយគន់ និងទាក់ទាញមែនទែន។ ទន្ទឹមហ្នឹងនោះ លោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង,ស្រុក ទាំង៩ត្រូវការពារសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ អុំទូក អកអំបុកតាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕
ដោយ៖ សូរិយា