ខេត្តរតនគិរី ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានចុះឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់(កាន់កាំបិតផ្គាក់)បម្រុងកាប់គ្នា។
ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើង នៅវេលាម៉ោង២២និង៥០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រង់ចំណុចសាលាប៊ូថង ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរួចមក កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងកងអន្តរាគមន៍ចុះទៅដល់កន្លែងកកើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់មកកាន់ការិយាល័យជំនាញដើម្បីសាកសួរពាក់ព័ន្ធករណីខាងលើ។
លោក តេង សាវុធ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១០ខែ វិច្ឆិកានេះបានឲ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានយុវជនមួយក្រុមកាន់កាំបិតនៅដៃបម្រុងនិងកាប់គ្នាសមត្ថកិច្ចក៏ចុះទៅដល់ទីកើតហេតុដោយចាប់បានតែយុវជនម្នាក់ប៉ុណ្ណោះយកមកសួរនាំ។
ជនសង្ស័យឈ្មោះ សារី រ៉ាហ្វាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចបានដកហូតសម្ភាររួមមាន:
ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ និងកាំបិតផ្គាក់ចំនួន១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងបានឃាត់ខ្លួននិងដកហូតជាបណ្តោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕
ដោយ៖ សូរិយា