ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២។
ក្នុងសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ឆ្នាំ ២០២២ ក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំង អស់គ្នា» ។ ខ្ញុំក៏មានសេចក្តីរីករាយដោយកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍ថ្ងៃនេះ ទទួលបានការចាប់ អារម្មណ៍ និង មានការចូលរួមពីបុគ្គលសំខាន់ៗ ដែលនឹងផ្តល់នូវអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុង ការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាដែលយើង ទាំងអស់គ្នាកំពុងតែជួបប្រទះ ។ បន្ថែមលើនេះ, ខ្ញុំកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើស រើសសម្រាប់កិច្ចប្រជុំកំពូលនេះ មានលក្ខណៈស្របទៅនឹងមូលបទរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងគោលបំណងពន្លឿន និង សម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងជារួមរបស់អាស៊ាន ដើម្បីធ្វើឱ្យកាន់តែ ស៊ីជម្រៅ នូវរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ច និង ការកសាងឡើងវិញប្រកបដោយបរិយាប័ន្ន, ភាព ប្រកួតប្រជែង, ភាពធន់រឹងមាំ និង សមធម៌ ក្រោយវិបត្តិកូវីដ-១៩ ។ ជាការពិត, យើងទាំងអស់គ្នាត្រូវសហ ការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និង រស់រវើក សម្រាប់ការធ្វើពាណិជ្ជ កម្ម និង ការវិនិយោគ ។
ជិតបីឆ្នាំមកនេះ, អាស៊ានបានខិតខំរួមគ្នាឥតស្រាកស្រាន្ត ក្នុងការដាក់ចេញវិធានគោលនយោ បាយ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម សេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ “ក្របខណ្ឌស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយរបស់អា ស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និង ការបន្តធ្វើឱ្យប្រសើរឡើងនូវបរិ យាកាសធុរកិច្ច និង វិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្តារឡើងវិញពីការវិបត្តិ នៃជំងឺកូវីដ-១៩ ។ ជាក់ស្តែង, យោងតាមការវាយតម្លៃ និង ព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវ កំណើន ក្នុងអត្រា ៥,៣% និង ៤.៩% ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា ។
ឆ្លៀតឱកាសនេះ, ខ្ញុំសូមជម្រាបជូនកិច្ចប្រជុំកំពូលនេះផងដែរថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ប្តូរវេនឆ្នាំ ២០២២ ក៏បានកំណត់បន្ថែមនូវ “គោលដៅយុទ្ធសាស្ត្រចំនួន ៤» នៅក្រោមសសរស្ដម្ភសហ- គម ន៍សេដ្ឋកិច្ចអាស៊ាន រួមមាន៖ (១). ការពង្រឹងការតភ្ជាប់ឌីជីថល, វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា; (២). ការ កាត់បន្ថយគម្លាតអភិវឌ្ឍន៍ ដើម្បីភាពប្រកួតប្រជែងរបស់អាស៊ាន; (៣). ការជំរុញសមាហរណកម្ម, បរិ យាប័ន្ន, ភាពធន់ និង ភាពប្រកួតប្រជែងអាស៊ានឲ្យខ្លាំងជាងមុន; និង (៤). អាស៊ានជាសកលសម្រាប់ភាព រីកចម្រើន និង ការអភិវឌ្ឍ សំដៅជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព, បរិយាប័ន្ន និង ភាព ធន់ផងដែរ ។ ឈរលើមូលដ្ឋាននេះ, សមាជិកអាស៊ានបានខិតខំយ៉ាងសកម្ម ក្នុងការសម្រេចបានវឌ្ឍន ភាពគួរឱ្យកត់សម្គាល់ នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាព (Priority Economic Deliverables) ទាំង ១៩ ដែលត្រូវបានកំណត់កន្លងមក ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី
ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាកស្រាន្តគួរឱ្យកត់សម្គាល់, ស្ថានភាព និង ទស្សនវិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី ដោយយើងនៅបន្ត ប្រឈមនឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែលកំពុងកើតឡើងជាបន្តបន្ទាប់, ទាំងក្នុងទិដ្ឋភាពសេដ្ឋ កិច្ច, សង្គម, បរិស្ថាន និង ភូមិសាស្ត្រនយោបាយ ។ ក្នុងស្មារតីនេះ, អាស៊ានត្រូវបន្តប្រកាន់ភ្ជាប់នូវគោល ការណ៍ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង ការបន្តជំរុញការធ្វើសេរីភាវូបនីយកម្ម ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជាតំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមត្រូវបន្តរក្សាឱ្យបាននូវ «មជ្ឈភាព» និង «ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ទំនងសកល និង តំបន់ ។ បន្ថែមលើនេះ, អា ស៊ានក៏ត្រូវធ្វើឱ្យកាន់តែប្រសើរថែមទៀតនូវ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សា បាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈកាន់តែប្រសើរ និង ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និង ការវិនិយោគ នាបច្ចុប្បន្ន ។
ដោយឡែក, ខ្ញុំសូមយកឱកាសនេះគូសបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (អាសិប) គឺជាសមិទ្ធផលមួយដ៏សំខាន់របស់អាស៊ានដោយយើងបានខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបើកទូលាយសេដ្ឋកិច្ច ព្រមទាំងធ្វើពិពិធកម្មទីផ្សារតំបន់របស់យើង ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនេះ នឹងជំរុញដល់ការធ្វើពាណិជ្ជកម្ម ទាំងក្នុង និង ក្រៅអាស៊ាន ក៏ដូច ជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ ។ ដូច្នេះ, នៅក្នុងពិធីបើក កិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៥៥ និង កិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ កាលពីខែ សីហា កន្លងទៅ, កម្ពុជាបានស្នើឱ្យមានលេខាធិការដ្ឋានអាសិប នៅរាជធានីភ្នំពេញ ដើម្បីបញ្ជាក់អំពីការប្តេជ្ញា ចិត្តរបស់កម្ពុជា ចំពោះពាណិជ្ជកម្មសេរី និង ការបើកចំហក្នុងតំបន់អាស៊ាន ។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ជាការពិត, ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំណើរការសកម្មភាព សង្គម-សេដ្ឋកិច្ចឡើងវិញក្នុងតំបន់នាពេលកន្លងមក គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូល រួមចំណែកយ៉ាងសកម្មពីវិស័យឯកជន ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះកោតសរសើរដល់ក្រុមប្រឹក្សាពិគ្រោះ យោបល់ធុរកិច្ចអាស៊ាន ក្នុងការដាក់ចេញនូវសមិទ្ធផលការងារប្រចាំឆ្នាំ ព្រមទាំងលើកឡើងនូវអនុសាសន៍ ល្អៗមួយចំនួនសម្រាប់អាស៊ានពិចារណា ដែលគាំទ្របន្ថែមទៀតដល់ដំណើរការកសាងសហគមន៍សេដ្ឋ កិច្ចអាស៊ាន តាមរយៈការជួយធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់ ។
ក្នុងបរិការណ៍ដែលស្ថានភាពសង្គម-សេដ្ឋកិច្ចបានត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ខ្ញុំសូមគូស បញ្ជាក់ថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និង មិនអាចខ្វះបាន ក្នុងការចូលរួមជាមួយអាស៊ានឱ្យ កាន់តែខ្លាំងក្លាថែមទៀត ដើម្បីជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន, ភាពធន់ និង ចីរភាព ដូចជា៖ (១). ការជំរុញសកម្មភាពសេដ្ឋកិច្ច, ពាណិជ្ជកម្ម, និង ការវិនិយោគ, ជាពិសេស ការជំរុញការវិនិយោគផ្ទាល់ ពីបរទេសបន្ថែមទៀត ក៏ដូចជាការទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ ន ដែលមានស្រាប់; (២). ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន, បច្ចេកវិទ្យាឌីជីថល, ការស្រាវជ្រាវ និង អភិវឌ្ឍន៍, និង ការលើកកម្ពស់នវានុវត្តន៍; (៣). ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង និង ចំណេះធ្វើ, ការបណ្តុះបណ្តាលជំនាញឡើងវិញ (Re-skiing) និង ការលើកកម្ពស់ជំនាញបន្ថែម (Upskilling); (៤). ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន និង ការជំរុញឌីជីថលភាវូបនីយកម្ម ជាមួយនឹងការលើកកម្ពស់ការកាត់បន្ថយគម្លាតឌីជីថល; (៥). ការបំពេញបន្ថែមនូវតម្រូវការផ្នែក ហិរញ្ញវត្ថុ សម្រាប់ការស្តារឡើងវិញនូវកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ។ល។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី
សម្រាប់កម្ពុជា, ដើម្បីស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់, ចីរភាព និង បរិយាប័ន្ន, រាជរដ្ឋាភិបាលបានអនុម័តនូវ «ច្បាប់ស្ដីពីវិនិយោគ» ថ្មីមួយ និង បានដាក់ចេញនូវ «កប ខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធីស្តារសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣» ។ រាជរដ្ឋាភិបាលក៏បាន និង កំពុងបន្តខិតខំបង្កើនការវិនិយោគលើប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង ឌីជីថល; លើកកម្ពស់គុណភាពសេវាឡូជីស្ទីក, បង្កើនប្រសិទ្ធភាពនៃការ ផ្តល់សេវាសាធារណៈ, ជំរុញការអភិវឌ្ឍជំនាញ និង ការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គម ជាដើម ។ ជាមួយគ្នានេះ, ក្នុងនាមជាភាគីមួយនៃកិច្ចព្រមព្រៀងអាសិប, កម្ពុជាសូមបញ្ជាក់សារជាថ្មី អំពីការប្ដេជ្ញាចិត្ត របស់ខ្លួនចំពោះប្រព័ន្ធពាណិជ្ជកម្មស្របតាមវិធាននៃច្បាប់ និង សូមស្វាគមន៍រាល់ការធ្វើធុរកិច្ច និង ការវិនិ យោគ ពីសំណាក់ប្រទេសសមាជិកអាស៊ានទាំងអស់ និង គ្រប់បណ្តាភាគី ។
ជាងនេះទៅទៀត, ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតងប្រកប ដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ច ប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ាន ។ កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅដោយជោគជ័យ និង សូមជូនពរ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មានសុខភាពល្អ និង មានជោគជ័យលើគ្រប់ភារកិច្ចរៀងៗខ្លួន ជាពិសេសទទួលបាននូវផាសុកភាព និង សេចក្តីរីករាយ ក្នុងអំឡុងនៃការស្នាក់នៅលើទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា ។
ខ្ញុំសូមប្រកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ានឆ្នាំ ២០២២ ពីពេលនេះតទៅ!សូមអរគុណ! ៕
ដោយ៖ ស តារា