ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះប្រចាំនៅស្នាក់ការបរិស្ថានស្រែអ៊ីចាប់រថយន្តដឹកឈើអាររួចមួយគ្រឿង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅវេលាព្រឹកថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២២ កម្លាំងចម្រុះដែលប្រចាំការនៅស្នាក់ការបរិស្ថានស្រែអ៊ីបានចេញប្រតិបត្តិការចាប់ឃាត់រថយន្តដឹកឈើ១គ្រឿងដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអាររួចចេញពីដែនសមត្ថកិច្ចរបស់ខ្លួន។ រថយន្តនិងឈើត្រូវបាននាំយកមករក្សាទុកនិងចាត់ការបន្តនៅមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី។

ប្រតិបត្តិការចាប់រថយន្តដឹកឈើនេះដឹកនាំដោយលោក ចាប កុសល្យ មន្ត្រីឧទ្យានុរក្សនៅស្នាក់ការបរិស្ថានស្រែអ៊ីនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់រថយន្តម៉ាកកូរ៉េចាស់មួយគ្រឿងពណ៌ខៀវគ្មានស្លាកលេខ ដែលផ្ទុកឈើអាររួចចំនួន៥០សន្លឹកនៅចំណុចភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ 

ប្រភពព័ត៌មាននានាបានឲ្យដឹងថាម្ចាស់រថយន្តដឹកឈើនេះមានឈ្មោះ ខ្នារ បានព្យាយាមសម្របសម្រួលជាមួយមន្ត្រីមានសមត្ថកិច្ចបន្ទាប់ពីចាប់ឈើបានភ្លាមៗ។ ប៉ុន្តែមិនអាចមានការសម្របសម្រួលណាមួយបានជោគជ័យនោះឡើយ។

ប្រភពខ្សឹបថាបុរសឈ្មោះ ខ្នារ ជាអ្នករកស៊ីដឹកឈើអាររួចដ៏ល្បីល្បាញម្នាក់នៅខេត្តមណ្ឌលគិរីហើយគាត់មិនញញើតក្នុងការដឹកជញ្ជូនឈើនោះឡើយ។ទំនងជាអាងខ្នងឬអាងស្បែក។

បើទោះជាយ៉ាងណាក៏ដោយទាំងរថយន្តនិងឈើត្រូវបានដឹកយកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីរួចហើយ ដោយរង់ចាំចាត់ការតាមច្បាប់បន្តទៀត។

បើតាម លោក ចាប កុសល្យ ប្រធានស្នាក់ការបរិស្ថានស្រែអ៊ីនិយាយថា បច្ចុប្បន្ននេះសកម្មភាពបទល្មើសនៃការដឹកជញ្ជូនឈើហាក់ដូចជាបានបញ្ចប់ទាំងស្រុងទៅហើយពោលគឺនៅសេសសល់បន្តិចបន្តួចទំនងជាអ្នកអារឈើសម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋានតែប៉ុណ្ណោះ។យ៉ាងណាក៏ដោយមន្ត្រីបរិស្ថានមិនព្រងើយកន្តើយក្នុងការងាររបស់ខ្លួននៅឡើយគឺនៅតែបន្តប្រតិបត្តិការល្បាតជារៀងរាល់ពេល ៕

ដោយ៖ សូរិយា


ចែករំលែក៖