ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ជិះម៉ូតូបត់ឆ្វេងត្រូវរថយន្តមកពីក្រោយបុកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ស្ត្រីចំណាស់ម្នាក់បានបែកក្បាលហូរឈាមរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះ តែអកុសលបានស្លាប់នៅពាក់កណ្ដាលផ្លូវ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តឡិចស៊ីស មិនចាំស្លាកលេខមកពីក្រោយបុកពេញទំហឹងផ្អើលដល់អ្នកធ្វើដំណើរ ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៩ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៦និង៥៧ ស្ថិតនៅចំណុចភូមិអណ្តូងត្របែក ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះ គង់ ហឿន   អាយុ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិពោន ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាគុប សេ៥០ ពណ៍ទឹកប៊ិក គ្មានផ្លាកលេខខូចខាតយ៉ាងដំណំ។

     តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុប សេ៥០ ពណ៌ទឹកប៊ិក គ្មានស្លាកលេខធ្វើដំណើរលើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បូងទៅជើងហើយក៏បានបត់ឆ្វេងមិនប្រយ័ត្នស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស ពណ៌ទឹកមាស មិនចាំស្លាកលេខ ដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

     ក្រោយកើតហេតុអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រូលក៏បើករថយន្តគេចខ្លួនទៅទិសខាងជើងភ្លាមៗបាត់ស្រមោលតែម្ដង។

    បន្ទាប់មកស្ត្រីចំណាស់ម្នាក់ដែលរងរបួសបែកក្បាលហូរឈាមរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្ដាលផ្លូវគួរឱ្យសង្វេគបំផុត។

     សមត្ថកិច្ចបានធ្វើកំណត់ហេតុរួចក៏បានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកល្ដួលបំផុត ៕

ដោយ៖ សុថាន


ចែករំលែក៖