ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ លូ បន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់ សម្ដេច តេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជាង១ពាន់គ្រួសារ នៅស្រុកបវេល ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង បានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន១,១២១គ្រួសារ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។

 មានប្រសាសន៍នាឱកាសនោះដែរ លោក សុខ លូ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា បើទោះបីជាសម្ដេចមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានាដូចជាគ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះនោះឱ្យបានទាន់ពេលវេលា ។ 

លោក ក៏បានថ្លែងអំណរគុណ និងថ្លែងនូវការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះទឹកជំនន់ បានទាន់ពេលវេលា ដែលបង្ហាញពីកម្លាំងសាមគ្គីភាពគ្នា និងបង្ហាញពីភាពរឹងស្វាហាប់ក្នុងការចុះសង្រ្គោះប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋណាដែលមិនទាន់ធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទេ សូមប្រញាប់ទទួលការចាក់វ៉ាក់សាំងដូសជំរុញនេះឱ្យបានគ្រប់ៗគ្នា ព្រោះថាជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជានេះ មិនទាន់ផុតរលត់ទៅណាទេ គឺនៅតែបន្តយាយីប្រជាពលរដ្ឋគ្រប់ពេលវេលា ដូចនេះសូមនាំគ្នារួសរាន់ទៅចាក់នៅតាមមណ្ឌលសុខភាព ឬមណ្ឌលចាក់វ៉ាក់សាំងណាមួយដែលនៅជិតផ្ទះប្រជាពលរដ្ឋ ចាប់ពីដូសទី៣ឡើងទៅ ហើយសុំកុំឱ្យមានការភ័យខ្លាចថា ចាក់វ៉ាក់សាំងនេះហើយបង្កឱ្យមានបញ្ហាអីផ្សេងឱ្យសោះ ព្រោះវ៉ាក់សាំងគឺសម្រាប់ការពារ ជាពិសេសសម្រាប់ការពារក្រុមមនុស្សទន់ខ្សោយឱ្យគេចផុតពីជំងឺកូវីដ-១៩ និងត្រូវបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការស្លាប់ និងពិការភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ណាមួយ 

អំណោយដែលនាំយកមកជូននាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ត្រីខ១យួរ មី១កេស ធុងចម្រុះទឹកស្អាតចំនួន០១ឈុត ៕

ដោយ ៖ សហការី


ចែករំលែក៖