ខេត្តបាត់ដំបង៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំឡូត ចាប់ឃាត់ខ្លួនរួមនឹងគ្រឿងញៀនមួយចំនួន។ ខណៈមេខ្លោងម្នាក់ កំពុងរត់គេចខ្លួន ហេីយសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យខាងលេីនេះ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៩ ខែវិច្ឆិកាម្សិលមិញនេះ នៅចំណុចក្រុមទី១២ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនសង្ស័យម្នាក់ឈ្មោះ ខាន់ ណុក ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅក្រុមទី០១ ភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រភពដដែលបន្តថា លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បាដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង រួមមាន ៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ -ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AH-6840 ។
ជាមួយគ្នានោះ សមត្ថកិច្ចស្រាវជ្រាវរកមេខ្លោងម្នាក់ទៀតឈ្មោះ វ៉ាន់ មនិល ហៅពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង កម្លាំងនគរបាលស្រុកសំឡូតកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី ៕
ដោយ៖សហការី