ព័ត៌មានទាន់ហេតុការណ៍៖

ជាលើកដំបូងហើយដែលប្រធានាធិបតីចូ បៃដិន និងប្រធានាធិបតីស៊ី ជីនពីង ជួបគ្នាដោយផ្ទាល់

ចែករំលែក៖

សេតវិមានអាមេរិកបានប្រកាសនៅថ្ងៃទី១០ខែវិច្ឆិកាថា ប្រធានាធិបតីចូ បៃដិន នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង បន្ទាប់ពីកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០នៅលើពិភពលោក (G20) ដែលរៀបចំឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បាននិយាយថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងសកលលោក។ “ប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិននឹងពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សានិងធ្វើឱ្យបណ្តាញទំនាក់ទំនងកាន់តែស៊ីជម្រៅ… ការប្រកួតប្រជែងប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលស្របតាមផលប្រយោជន៍ទៅវិញទៅមកដល់ភាគីទាំងពីរ” ។
សារព័ត៌មាន Reuters បានដកស្រង់សម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិកដែលមិនបញ្ចេញឈ្មោះបាននិយាយថា លោក Biden និង ស៊ី ជីនពីង ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាអំពីបញ្ហា “ក្តៅ” ជាបន្តបន្ទាប់ដូចជា តៃវ៉ាន់ សិទ្ធិមនុស្ស អ៊ុយក្រែន និងសកម្មភាពសេដ្ឋកិច្ចដែលមានគោលដៅ” “កសាងមូលដ្ឋានគ្រឹះ” នៅក្នុងការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ។ មន្ត្រីរូបនេះបានបន្ថែមថា គ្មានសេចក្តីថ្លែងការណ៍រួមនឹងត្រូវបានចេញបន្ទាប់ពីកិច្ចពិភាក្សានោះទេ។
នេះគឺជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក Biden ក្លាយជាប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២១មក ។ ជំនួបចុងក្រោយរបស់មេដឹកនាំទាំងពីរបានធ្វើឡើងក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Barack Obama ពេលនោះលោកបៃដិន ជាអនុប្រធានាធិបតី។ ភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក នឹងចិនបានកើនឡើងបន្ទាប់ពីមានបញ្ហាជាបន្តបន្ទាប់ ជាពិសេសការធ្វើដំណើររបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហាឆ្នាំនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖  Reuters


ចែករំលែក៖