ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡេីងជោកជាំ រួចជិះម៉ូតូមកដួលនៅចិញ្ចេីមផ្លូវបណ្ដាលឲ្យរលាត់មុខ និងខ្លួនប្រាណយ៉ាងដំណំ ត្រូវបានអ្នកដំណេីរតាមដងផ្លូវជួយយកអាសារ ដោយទាក់ទងទៅប្រពន្ធ និងរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួស កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ បានជួយយកអាសារដល់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ដំបូងគេឃេីញបុរសរងគ្រោះជិះម៉ូតូម៉ាក Qbix ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IR-5941 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿនល្មម តែស្ថានភាពស្រវឹងស្រាជិះរេស្ទេីរពេញផ្លូវ រួចក៏ដួលអូសទាំងមនុស្សនិងម៉ូតូប្រហែល៥ម៉ែត្រ បណ្ដាលឲ្យម៉ូតូរងការខូចខាត រីឯអ្នកជិះជាម្ចាស់ដួលអូសនិងថ្នល់រលាត់មុខ និងខ្លួនប្រាណ រងរបួសធ្ងន់ ។
បន្ទាប់ពីឃេីញសភាពការណ៍បែបនេះ ប្រជាពលរដ្ឋល្អដែលធ្វេីដំណេីរឆ្លងកាត់បានចុះទៅជួយលេីក និងជួយមេីលទ្រព្យសម្បត្តិ ដូចជា៖ ម៉ូតូ , ទូរស័ព្ទដៃទំនេីប និងខ្សែក រួចទាក់ទងទៅសាច់ញាតិ និងប្រពន្ធរបស់គាត់ឲ្យចុះមកជួយមេីល ។
ខណៈប្រពន្ធជនរងគ្រោះបានមកដល់ភ្លាម ក៏រត់អោបប្ដីទាំងទឹកចិត្តតក់ស្លុត រួចក៏សំពះអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានជួយយកអាសារដល់ប្ដីគាត់ និងបានទាក់ទងរថយន្តសាមុយឲ្យជួយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដេីម្បីព្យាបាលរបួស ។ ដោយឡែកម៉ូតូជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិ ជួយជិះយកទៅផ្ទះដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចឡេីយ ៕
ដោយ ៖ ភារ៉ា ដង្កោ