ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា និងជប៉ុន ពង្រីកទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញ សេចក្តីប្រកាសព័ត៌មាន កម្ពុជា និងជប៉ុន ពង្រីកទំនាក់ទំនង ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ”

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក KISHIDA Fumio នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំនាក់ទំនង កម្ពុជា-ជប៉ុន ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងឱកាសដែលប្រទេសទាំងពីរ រំឭកខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាឆ្នាំក្រោយ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកនាយករដ្ឋមន្ត្រី KISHIDA បានកត់សម្គាល់ដោយសេចក្ដី សោមនស្សចំពោះទំនាក់ទំនងដ៏ល្អដែលកំពុងមាននាពេលបច្ចុប្បន្នរវាងកម្ពុជា-ជប៉ុន ដោយរំឭកអំពី ដំណើរទស្សនៈកិច្ចទាំងពីរលើករបស់ លោកនាយករដ្ឋមន្ត្រីជប៉ុនមកកាន់កម្ពុជា និងដំណើរ ទស្សនកិច្ចទាំងពីរលើករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសជប៉ុន ក្នុងឆ្នាំនេះ។ ថ្នាក់ ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងដ៏យូរលង់ និងបានសម្តែងនូវការប្តេជ្ញ ចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ សម្តេចតេជោនាយករដ្ឋមន្តី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងបានថ្លែងអំណរគុណជប៉ុនដែលបានជួយដល់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់សមភាគីជប៉ុនឱ្យជួយកម្ពុជាដើម្បីសម្រេចបាននូវគោលដៅ «កម្ពុជាគ្មានគ្រាប់មីន ត្រឹមឆ្នាំ២០២៥” ផងដែរ។

លោក KISHIDA បានកោតសរសើរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសមត្ថភាពរបស់សម្តេច ក្នុងការធ្វើជាប្រធានអាស៊ាន និងបានគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមនានារបស់កម្ពុជា ក្នុងការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ដើម្បីនាំមកនូវលទ្ធផលជាក់លាក់សម្រាប់សហគមន៍ អាស៊ាន និងដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម ផងដែរ ក្នុងនោះរួមមាន វិបត្តិនៅអ៊ុយក្រែន និងការបាញ់មីស៊ីល និងការធ្វើតេស្តនុយក្លេអ៊ែរជាបន្តបន្ទាប់ របស់កូរ៉េខាងជើង។

នៅក្រោយជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា (សេចក្តី ប្រកាសព័ត៌មានដោយឡែកមានជូនភ្ជាប់មកជាមួយ និងការប្រកាសជាផ្លូវការអំពីឡូហ្គូសម្រាប់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន នៅ ឆ្នាំ២០២៣៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖