ព័ត៌មានទាន់ហេតុការណ៍៖

មហាសន្និបាតអង្គការសហប្រជាជាតិអំពាវនាវឱ្យរុស្ស៊ីសងសំណងការខូចខាតក្នុងសង្គ្រាមនៅអ៊ុយក្រែន

ចែករំលែក៖

មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីព្រាងច្បាប់មួយដោយអំពាវនាវឱ្យរុស្ស៊ីទូទាត់សងការខូចខាតដែលបង្កឡើងចំពោះអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសជិតខាងខ្លួន។
សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly) បានអនុម័តសេចក្តីព្រាងអំពាវនាវឱ្យរុស្ស៊ីទូទាត់សងការខូចខាតដែលបង្កឡើងចំពោះអ៊ុយក្រែន បន្ទាប់ពីទីក្រុងម៉ូស្គូបានបើកប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសជិតខាងខ្លួននេះកាលពីខែកុម្ភៈ ។
លទ្ធផលនៃការបោះឆ្នោត៖ ប្រទេសចំនួន៩៤បានគាំទ្រសេចក្តីព្រាងដំណោះស្រាយនេះ ប្រទេសចំនួន៧៣បានបោះឆ្នោតអនុបវាទ និង១៤ប្រទេសបានបោះឆ្នោតប្រឆាំង។ ជាមួយនឹងមតិភាគច្រើន សេចក្តីព្រាងដំណោះស្រាយត្រូវបានអនុម័ត។
យោងតាមដំណោះស្រាយ រុស្ស៊ី “ត្រូវតែទទួលនូវផលវិបាកផ្លូវច្បាប់ចំពោះរាល់អំពើខុសឆ្គង រួមទាំងសំណងសម្រាប់ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីសង្គ្រាម”។
ដំណោះស្រាយទទួលស្គាល់តម្រូវការក្នុងការបង្កើត “យន្តការអន្តរជាតិសម្រាប់សំណង ការខូចខាត ការស្លាប់ឬរបួស”។
មុនពេលបោះឆ្នោត ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិ លោក Sergiy Kyslytsya បានប្រាប់មហាសន្និបាតថា រុស្ស៊ីបានកំណត់គោលដៅគ្រប់យ៉ាងនៅក្នុងប្រទេស ចាប់ពីរោងចក្រ រហូតដល់តំបន់លំនៅឋាន និងមន្ទីរពេទ្យ។ លោកបាននិយាយថា “កិច្ចការដ៏លំបាករបស់អ៊ុយក្រែនគឺការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្រ្គាម ប៉ុន្តែវានឹងមិនអាចសម្រេចបានដោយគ្មានការយល់ដឹងអំពីយុត្តិធម៌សម្រាប់ជនរងគ្រោះនៃសង្រ្គាមនោះទេ” ។
រីឯភាគីរុស្ស៊ី ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀត ដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយថា បញ្ញត្តិនៃដំណោះស្រាយ “មិនមានតម្លៃផ្លូវច្បាប់ទេ”។ លោក Nebenzia បាននិយាយថា “លោកខាងលិចកំពុងព្យាយាមធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើង ហើយគ្រោងនឹងប្រើប្រាស់ប្រាក់រុស្ស៊ីសម្រាប់គោលបំណងនេះ” ៕ ដោយ៖ ធីរីណា

រូបថត៖ AFP


ចែករំលែក៖