ព័ត៌មានទាន់ហេតុការណ៍៖

សាលាគណរាជធានីភ្នំពេញ បានប្រគល់ទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី​ ១៧ ខែ​ វិច្ឆិកា ឆ្នាំ​ ២០២២​នេះ​​ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ សាលាគណរាជធានីភ្នំពេញ បានប្រគល់ទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលអញ្ជេីញទៅទទួលដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ តំណាង លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ។

នាឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះមេគណរាជធានីភ្នំពេញ​ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ​ តាមរយៈសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ។ សម្ដេចព្រះពុទ្ធជ័យមុនី ក៏បានសន្យានឹងបន្តគាំទ្រសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លាមួយនេះឥតងាករេជារៀងដរាប ទោះបីមានទេយ្យទានតិចក្តីច្រើនក្តី ។

ជាការឆ្លើយតប ក្នុងនាម​ លោក ឃួង​ ស្រេង​ ប្រធានគណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខ​ពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ព្រមទាំងសូមថ្លែងអំណរព្រះគុណ​យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ក៏ដូចជាសាលាគណរាជធានីភ្នំពេញទាំងមូល ​ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀតនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម​ ។​ លោកក៏បានទូលប្រគេនពីសកម្មភាពការងារមនុស្សធម៌ដែលសាខាបានអនុវត្ត​ និងកំពុងបន្តអនុវត្ត​ នៅតាមវិស័យស្នូលទាំង៤រួមមាន៖​ ១.​ការគ្រប់គ្រងគ្រោះមហន្តរាយ​ ២.​សុខភាព​ និងការថែទាំសុខភាពក្នុងសហគមន៍​ ៣.​លេីកកម្ពស់គោលការណ៍គ្រឹះ​ និងតម្លៃមនុស្សធម៌របស់ចលនា​ ៤.​ការអភិវឌ្ឍស្ថាប័ន​ និងអភិវឌ្ឍធនធាន​ ជាពិសេសបានជម្រាបពីប្រភពចំណូលផ្សេងៗរបស់សាខា​ ក្នុងនោះមិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់សប្បុរសជន​នានា​ ជាពិសេសគឺព្រះសង្ឃនៅតាមបណ្តាវត្តអារាម​ ។ ចុងបញ្ចប់​ លោកនាយកប្រតិបត្តិសាខា បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលសាខាទទួលបានពីសាលាគណរាជធានីភ្នំពេញរួមមាន៖ អង្ករ៣តោន មី១៥០កេស ទឹកផ្លែឈើ៥៥កេស ទឹកក្រូច៥៥កេស ទឹកសុទ្ធ៨០កេស ទឹកដោះគោ៣៨០កេស ស្ករស២៥៥គីឡូក្រាម ត្រីខ៧៣២កំប៉ុង តែ២០០កញ្ចប់ ទឹកស៉ីអ៉ីវ៤៨០ដប ទឹកត្រី៤៨០ដប សម្ភារៈផ្ទះបាយ៧សម្រាប់ និងថវិកាចំនួន១៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មេីនឹងចំនួន៣៧.៤៤៩.០០០រៀល​ ៕

ដោយ : សហការី


ចែករំលែក៖