ខេត្តកណ្ដាល ៖ ក្រុមជនសង្ស័យ៣នាក់ ក្នុងចំណោមបក្ខពួក៧នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៩និង០៥នាទី នៅចំណុចផ្លូវជាតិលេខ៤ មុខទីក្រុងចិនសាមានា ស្ថិតក្នុងភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះមាន២នាក់ភេទស្រី ទី១-ឈ្មោះ ស៊ូ ចាន់នី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទី២-ឈ្មោះ ឆេង គឹមលី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានរបួស) ។ ចំណែកជនសង្ស័យសរុបមានគ្នា៧នាក់ ឃាត់ខ្លួនបាន៣នាក់គឺ៖
ទី១-ឈ្មោះ សុខ ឌី ហៅជា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (អ្នកបើកម៉ូតូស្គូពី ឃាត់ខ្លួន) ទី២-ឈ្មោះ ជា សុវណ្ណ ហៅណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (អ្នកជិះពីក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួន) ទី៣-ឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូម៉ានិច បិទគូទពីក្រោយ ឃាត់ខ្លួន) រីឯ៤នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុ ជនរងគ្រោះបានចេញពីកន្លែងផ្ញើសម្ភារនៅក្រុមហ៊ុនវីរៈប៊ុនថាំ ផ្សារបែកចាន ស្រុកអង្គស្នួល ដោយបានដាក់កាបូបក្រវាត់ចង្កេះ ហើយជិះម៉ូតូឆ្ពោះទៅផ្ទះនៅឃុំឆក់ឈើនាង។ ពេលជិះដល់ចំណុចកើតហេតុស្រាប់តែបក្ខពួកជនសង្ស័យជិះម៉ូតមានភិនភាគដូចខាងលើបានធ្វើសកម្មភាពឆក់យកកាបូបពីជនរងគ្រោះ ។ បន្ទាប់ពីឆក់កាបូបបានហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូគេចខ្លួនទៅទិសខាងលិចបាត់អស់ទៅ។ ក្រោយមកជនរងគ្រោះបានរាយការណ៍ឱ្យសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មានហើយ ផ្នែកជំនាញនគរបាលយុត្តិធម៌ ប៉ុស្តិ៍បែកចាន ប៉ុស្ដិ៍ឆក់ឈើនាង ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច បានចេញល្បាតនៅក្នុងភូមិសាស្ដ្រតែមិនឃើញមុខសញ្ញាឡើយ។ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ បានចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ឃើញជនសង្ស័យកំពុងជិះម៉ូតូដោយមានសកម្មភាពមើលមុខមើលក្រោយ។ ឃើញបែបនេះសមត្ថកិច្ចមានការសង្ស័យក៏ហៅជនសង្ស័យទាំងបីនាក់ទៅអធិការដ្ឋាននគរបាលស្រុកដេីម្បីសួរនាំបន្តតាមនីតិវិធី។
ជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ឈ្មោះ ជា សុវណ្ណ ហៅណា ឈ្មោះ សុខ ឌី ហៅជា បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់យកកាបូបជនរងគ្រោះទាំង២នាក់ខាងលេីប្រាកដមែន ។ ចំពោះប្រាក់និងសម្ភារដែលឆក់ប្លន់យកបានពីជនរងគ្រោះខ្លួននិងបក្ខពួកបានចែកគ្នាចាយនិងលក់អស់ហើយ។ ចំណែកបក្ខពួកដែលគេចខ្លួនមានឈ្មោះ ឆដា ឈ្មោះ ហាប់ ឈ្មោះ ឈីត ឈ្មោះ រាជ ជិះម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ៧៨៩០ និងម៉ូតូម៉ាកនិចពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០២២ មិនចាំស្លាកលេខ។
ចំពោះជនសង្ស័យទាំង៣នាក់ និងបក្ខពួកធ្លាប់ធ្វេីសកម្មភាពឆក់នៅស្រុកអង្គស្នួល៣លេីក នៅផ្លូវលេខ៤១ ខេត្តកំពង់ស្ពឺ១លេីក នៅរាជធានីភ្នំពេញ ជាច្រេីនលេីក។
-ជនសង្ស័យឈ្មោះ ប្រាក់ វុត្ថារិទ្ធ ហៅប៉ែត ធ្លាប់ជាប់ពន្ធនាគារខេត្តកំពតពីបទហិង្សាដោយចេតនា ជាប់រយៈពេល១ឆ្នាំ៦ខែ និងជាប់ពីបទប្រើប្រាស់សារធាតុញៀននៅពន្ធនាគារព្រៃស ភ្នំពេញ រយៈពេល១ឆ្នាំ ។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕
ដោយ៖ស្អាង ជ័យ