ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីណែនាំ ស្ដីពីការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៥ ធ្នូ ២០២២

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញ សេចក្តីណែនាំ ស្ដីពីការចូលរួមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ០៥ ធ្នូ ២០២២ ។

គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ទាំង២៥ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមគ្រប់កាលៈទេសៈជាមួយ រាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសបានសហការសម្របសម្រួល ដោយផ្ទាល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ កាលពីឆ្នាំ២០២១ កន្លងទៅ។

ដើម្បីបន្តចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នាសម័យប្រឡង ០៥ ធ្នូ ២០២២ ខាងមុខនេះ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា សូម ណែនាំដល់គណៈកម្មាធិការ សស.យ.ក. រាជធានី-ខេត្ត ដូចខាងក្រោម៖

១. គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ពិនិត្យលទ្ធភាពសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរពាក់ព័ន្ធ នៅរាជធានី-ខេត្ត ជួយសម្រួលការផ្ញើយានជំនិះរបស់បេក្ខជន និងគណៈមេប្រយោគនៅ ក្រៅមណ្ឌលប្រឡង ក្នុងអំឡុងពេលនៃដំណើរការសំណេរ នាថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២។

២. គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ពិនិត្យលទ្ធភាពត្រៀមរៀបចំជួយសម្របសម្រួលការធ្វើ ដំណើរ និងការស្នាក់នៅដល់ប្អូនៗ ដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ដើម្បីកាត់បន្ថយការចំណាយ ផ្សេងៗរបស់ប្អូនៗ និងបន្ទុកគ្រួសារ។

៣. គណៈកម្មាធិការ ស.ស.យ.ក. រាជធានី-ខេត្ត ពិនិត្យលទ្ធភាពជួយសម្របសម្រួលតាមតម្រូវការចាំបាច់ ផ្សេងៗតាមគ្រប់រូបភាព និងតាមលទ្ធភាពដែលអាចជួយទៅបាន។

អាស្រ័យហេតុនេះ សូម – គណៈកម្មាធិការ ស.ស.យ.ក, រាជធានី-ខេត្ត ចាត់ចែងអនុវត្តតាមសេចក្តីណែនាំ ខាងលើនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ៕

ដោយ : សិលា


ចែករំលែក៖