ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរស្រុកសេសានកែប្រែផ្លូវគ្រួសក្រហមសាងសង់ផ្លូវបេតុងប្រវែង ៦០០ម៉ែត្របន្តទៀតចូលទៅភូមិការតូត ជាភូមិជនជាតិព្រៅ រស់នៅដើម្បីងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមកនិងបានទាក់ទាញភ្ញៀវទេសចរនៅរដូវប្រាំងនេះ ឲ្យទៅលេងកំសាន្តស្វែងយល់ពីប្រវត្តិជនជាតិដើមភាគតិចផង។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ជាក់ថា នៅស្រុកសេសាន មានជនជាតិដើមភាគតិចរស់នៅ ដូចជាជនជាតិព្នង និងជនជាតិព្រៅជាដើម ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំឲ្យមានផ្លូវស្ពាន ទឹក ភ្លើង ដោយឡែក អាជ្ញាធរស្រុកសេសានក៏បានកំពុងសាងសង់ផ្លូវបេតុងចូលទៅកាន់ភូមិជនជាតិព្រៅនេះផងដែរ។
លោកអភិបាលស្រុកបន្តថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវគ្រួសក្រហម មានចម្ងាយជិត ២០គីឡូម៉ែត្ររងការ ខូចខាតពីជំនន់ទឹកភ្លៀង បង្កភាពលំបាកក្នុងការធ្វើចរាចរណ៍ បច្ចុប្បន្នត្រូវសាងសង់ជាផ្លូវបេតុងជំនួសវិញ បានជាងមួយគីឡូម៉ែត្រហើយ នៅឆ្នាំ២០២៣និងសាងសង់បន្ថែមទៀត។
លោកអភិបាលស្រុកសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាថែរក្សាទ្រព្យសម្បត្តិ ជាមរតករបស់រាជរដ្ឋាភិបាល ដោយរថយន្តកុំដឹកលើសទម្ងន់។
លោក ផាវ៉ា តំណាងឱ្យប្រជាពលរដ្ឋនៅភូមិកំភុន បានបញ្ជាក់ថា លោករីករាយសប្បាយចិត្តណាស់ ហើយសំណូមពររបស់លោកអភិបាលស្រុកឲ្យជួយថែរក្សានិងសម្អាតបរិស្ថាននោះ លោកនឹងជួយដាស់តឿនបន្ថែមទៅប្រជាពលរដ្ឋយើង ឲ្យជួយសម្អាតបរិស្ថាន ក្នុងពេលភូមិយើងមានផ្លូវបេតុងល្អបែបនេះ។
លោកស្រី ផាយ ណារី ប្រជាពលរដ្ឋនៅភូមិកំភុនបានគាំទ្រចំពោះការលើកឡើងនេះព្រោះថា ការមកធ្វើយឺតពិតជាល្អជាងមិនបានធ្វើសោះ ហើយនៅមូលដ្ឋានជនបទមានផ្លូវបេតុងធ្វើដំណើរស្រួល ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានរៀបចំអភិវឌ្ឍឲ្យមានផ្លូវ ទឹក ភ្លើង ប្រជាពលរដ្ឋប្រើប្រាស់បានស្រួល។
សូមបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានប្រវែងជិត២០ គីឡូម៉ែត្រ ចេញពីទីរួមស្រុកសេសាន ឆ្ពោះទៅផ្លូវជាតិលេខ៧៨ បែកចេញទៅខេត្តរតនគិរី ខេត្តក្រចេះ និងចូលទៅក្រុងស្ទឹងត្រែងតែម្តង៕
ដោយ៖ សូរិយា