ប្រទេសអូស្ត្រាលី ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) និងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៧ របស់ឡអេស៊ា (17th LAWASIA INTERNATIONAL MOOT COMPETITION) នៅសណ្ឋាគារ HILTON ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,នាថ្ងៃចន្ទ ១៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ (ម៉ោងនៅប្រទេសអូស្រ្តាលី) លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីបិទសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៥ (35th LAWASIA CONFERENCE) នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដោយមានការចូលរួមពីប្រធានឡអេស៊ា លោកស្រី Melissa K Pang អតីតប្រធានឡអេស៊ា សមាជិកប្រតិបត្តិ ប្រធានគណៈមេធាវី និងសមាជិក-សមាជិកាគណៈមេធាវីមកពីប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។
នៅក្នុងពីធីនោះ ក៏មានការប្រកាសពានរង្វាន់នៃការប្រកួតប្រជែងសវនាការប្រតិដ្ឋអន្តរជាតិ លើកទី១៧ របស់ឡអេស៊ា (17th LAWASIA INTERNATIONAL MOOT COMPETITION)។ ក្នុងការប្រកួតប្រជែងនេះ និស្សិតកម្ពុជា មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ទទួលបានពានរង្វាន់ជ័យលាភីចំនួនពីរ គឺពានរង្វាន់ជ័យលាភីនៃស្មារតីជាក្រុមរបស់ឡអេស៊ា (The Spirit of LawAsia Team Award) និងពានរង្វាន់ជ័យលាភីនៃក្រុមដែលមានភាពតស៊ូព្យាយាមល្អបំផុតរបស់ឡអេស៊ា (The LawAsia Best Endeavor Award)។
ក្នុងឱកាសនោះដែរ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអបអរសាទរជាមួយប្អូនៗនិស្សិតទាំងអស់និងគ្រូដឹកនាំ ព្រមទាំងថតរូបអនុស្សាវរីយ៍ផងដែរ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមអបអរសាទរនិស្សិតច្បាប់ដែលមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំពោះសមិទ្ធិផលដ៏ល្អលើកឆាកអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់និស្សិតទាំង ៣រូប និងគ្រូដឹកនាំ ក្នុងការប្រកួតប្រជែងតំណាងប្រទេសកម្ពុជា និងសូមលើកទឹកចិត្តដល់និស្សិតច្បាប់កម្ពុជា បន្តចូលរួមក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិផ្សេងៗបន្តទៀត ៕
ដោយ : សហការី