ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវ ជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០ លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវ ចំនួន ៨៣លានដុល្លារ តាមរយៈធនាគារ អភិវឌ្ឍន៍ជនបទនិង កសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និង ក្រុមហ៊ុន កែច្នៃ នាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ តាមតម្លៃសមស្របជៀសវៀងការទិញទម្លាក់ថ្លៃ ពីឈ្មួញខិចខូចមួយចំនួន ។
សូមជម្រាបជូនដែរថា តម្លៃស្រូវក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការប្រែប្រួល នៅតាមបណ្តាខេត្ត ផលិតស្រូវ មួយចំនួន ពិសេស ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដែល បណ្តាលមកពី រដូវប្រមូលផលធំ ហើយមានការច្រូតកាត់ ព្រម គ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវ ដែលត្រូវលក់មាន ចំនួន ច្រើន ក្នុងពេលតែមួយ ។ ហេតុការណ៍នេះ ធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវ ពុំអាច ប្រមូលទិញស្រូវ ទាំងអស់នោះបាន ដែលនាំឱ្យ តម្លៃ ស្រូវ មានការ ប្រែប្រួល ធ្លាក់ចុះ បើ ធៀប ទៅនឹង ដើមរដូវ ។ ហេតុដូចនេះ ធនាគារ អភិវឌ្ឍន៍ជនបទ និង កសិកម្ម សូម អំពាវនាវ ឱ្យ ប្រជាកសិករ តាម តំបន់ ដែល ត្រូវ ប្រមូល ផល ស្រូវ សូម ដាក់ កម្ម វិធី ច្រូតកាត់ ជាមួយ រោង ម៉ាស៊ីនកិនស្រូវ នៅក្នុង តំបន់ របស់ខ្លួន ដើម្បី ជៀសវៀង ការប្រមូល ផល ក្នុងពេល តែមួយ ព្រម គ្នា ដែល អាច បណ្ដាលឱ្យ មានការ បង្អាប់ថ្លៃ ស្រូវ ។
ជាមួយគ្នានោះ ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម សូម ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសមាជិក សហព័ន្ធ ស្រូវអង្ករកម្ពុជា (Cambodia Rice Federation) ដែល បានជួយទិញស្រូវ ពីប្រជាកសិករ ក្នុងតម្លៃសមរម្យ នាពេល កន្លងមក និងជួយទិញបន្តទៀត៕
ដោយ៖សហការី