សហរដ្ឋអាមេរិក ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការថា, នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ &៤១ កន្លងទៅដែល កម្ពុជាជាប្រធាន ប្រទេសយើងបានទទួលមេដឹកនាំជាច្រើន ដែលក្នុងនោះរួមទាំងលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និង លោកស្រី ភរិយា Kim Keon-hee។
វត្តមានលោកស្រីប្រធានាធិបតីនៅកម្ពុជា បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ដែលគ្រប់គ្នាសរសើរថាលោកស្រីនៅវ័យក្មេងមានសម្រស់ស្អាត ទឹកមុខរួសរាយរាក់ទាក់ជាមួយមហាជនដែលគួរអោយគោរពស្រឡាញ់និងកោតសរសើរ។ ខ្ញុំមានជំនឿថាទំនាក់ទំនងរវាងពលរដ្ឋនិងពលរដ្ឋនៃប្រទេសទាំង២នឹងធ្វើអោយមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េកាន់តែរីកចម្រើនរឹងមាំទៅមុខ។
លោក ដួង តារា លើកឡើងថា, កម្ពុជាចង់ឃើញភាពសាមញ្ញ និងស្នាមញញឹប្រកបដោយគុណធម៌របស់លោកជំទាវបន្តកើតមាននៅលើទឹកដីកម្ពុជា។
លោកថ្លែងថា, នៅថ្ងៃអាទិត្យទី ២៧ ខែ វិច្ឆិកា បន្ទាប់ពីខ្ញុំវិលត្រឡប់ពីសហរដ្ឋអាមេរិកទៅកម្ពុជាវិញ ខ្ញុំនឹងយកអំណោយមនុស្សធម៍អំពើល្អនិងក្តីស្រឡាញ់កម្ពុជា-កូរ៉េទៅផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥០០គ្រួសារ នៅភូមិដីថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានប្អូនពិការដៃសង្ខាង លឹម ភា ជាអ្នកមើលថែសព្វថ្ងៃ។ អរគុណលោកជំទាវយ៉ាងជ្រាលជ្រៅ ដែលបានជួយឧបត្ថម្ភស្បៀងជូនដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងខ្វះខាត។
ទោះបីនៅទីណា កំពុងធ្វើអ្វី មានតួនាទីជាអ្វី គឺយើងចូលរួមកសាងអំពើល្អដោយចិត្តជ្រះថ្លាទាំងអស់គ្នាដោយគ្មានការរើសអើង ៕
ដោយ ៖ សិលា