បើទោះបីប្រទេសលោកខាងលិចមិនទទួលស្គាល់លិខិតឆ្លងដែនរុស្ស៊ីដែលបានផ្គត់ផ្គង់ដល់ពលរដ្ឋ នៅក្នុងតំបន់ដែលទើបតែដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងមូស្គូបានប្រកាសឱ្យដឹងថា ខ្លួនបានចេញលិខិតឆ្លងដែនសរុបលើស ៨០,០០០ច្បាប់ ឱ្យទៅប្រជាជននៅតំបន់ចំនួន៤ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសកាត់យកតំបន់ទាំងនេះបញ្ចូលទៅក្នុងឧបសម្ព័ន្ធរបស់ប្រទេសលោក កាលពីខែតុលា។
មន្រ្តីអន្តោប្រវេសន៍មួយរូបនៅក្រសួងមហាផ្ទៃរុស្ស៉ី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៉ី ដកស្រង់សម្តីយ៉ាងដូច្នេះថា «ចាប់តាំងពីការកាត់បញ្ចូលតំបន់ទាំង៤ ជាផ្នែកនៃសហព័ន្ធរុស្ស៉ីនិងស្របទៅតាមច្បាប់ មនុស្សចំនួនជាង ៨០,០០០នាក់ហើយនៅទីនោះ ដែលទទួលបានលិខិតឆ្លងដែន ក្នុងនាមជាពលរដ្ឋរបស់រុស្ស៉ី»។
កាលពីខែកញ្ញា រុស្ស៉ីបានរៀបចំនូវអ្វីដែលខ្លួនហៅថា «ការបោះឆ្នោតប្រជាមតិ» នៅតំបន់ចំនួន៤របស់អ៊ុយក្រែនដែលខ្លួនកាន់កាប់ រួមមានដូណេត (Donetsk), លូហាន (Lugansk), ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) និងខឺសុន (Kherson) ហើយបានប្រកាសថា ប្រជាជននៅតំបន់ទាំងនោះ បានបោះឆ្នោតគាំទ្រដើម្បីចូលជាឧបសម្ព័ន្ធរបស់រុស្ស៉ី។ អង្គការសហប្រជាជាតិ បានថ្កោលទោសទង្វើរបស់រុស្ស៉ី ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ការប្រកាសកែប្រែព្រំប្រទល់របស់រុស្ស៉ីឱ្យសោះ។
លោក ពូទីន បានកាត់យកតំបន់ខាងលើជាផ្លូវការ ក្នុងពិធីមួយដែលរៀបចំឡើងនៅវិមានក្រឹមឡាំង កាលពីដើមខែតុលា ទោះបីជាកងកម្លាំងរបស់លោកមិនមានការគ្រប់គ្រងតំបន់ទាំងស្រុងលើតំបន់ទាំង៤ក៏ដោយ ខណៈដែលចាប់តាំងពីពេលនោះមក រុស្ស៉ីក៏បានបាត់បង់ទឹកដីជាបន្តបន្ទាប់ ដែលខ្លួនធ្លាប់កាន់កាប់នៅអ៊ុយក្រែនផងដែរ។ តួយ៉ាងក្នុងខែវិច្ឆិកានេះ ទីក្រុងមូស្គូបានសម្រេចដកកងកម្លាំងចេញពីទីក្រុងខឺសុននៃតំបន់ខឺសុន ខណៈវាគឺជារដ្ឋធានីប្រចាំតំបន់តែមួយគត់ ដែលរុស្ស៉ីដណ្តើមយកបាន ចាប់តាំងពីការបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈមក៕ដោយ៖ធីរីណា
រូបថត ៖ TTXVN-VNA