ប្រទេសជប៉ុន ៖ នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានទទួលទានអាហារមិត្តភាព ដោយភាពរាក់ទាក់ ស្និទ្ធស្នាល ជាមួយ លោក Imamura Masahiro សមាជិកសភា ជាប្រធានសម្ព័ន្ធមិត្តភាពសភាកម្ពុជា-ជប៉ុន លោកស្រី Obuchi Yuko សមាជិកសភា ជាអគ្គលេខាធិការនៃសម្ព័ន្ធខាងលើ និងលោក Minoru Kiuchi សមាជិកសភា ជាលេខាធិការនៃសម្ព័ន្ធខាងលើ។
ក្នុងឱកាសនោះ ភាគីទាំង២ បានវាយតម្លៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងផ្នែកពាណិជ្ជកម្ម វិនិយោគ ទេសចរ កិច្ចការសង្គម សន្តិសុខ ។ល។ នាពេលកន្លងមក និងអំពីការត្រៀមរៀបចំព្រឹត្តិការណ៏នានា ដើម្បីចូលរួមអបអរសាទរខួប ៧០ឆ្នាំនៃចំណង ការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ ២០២៣ ដែលត្រូវបានថ្នាក់ដឹកនាំកំពូលទាំងពីរប្រទេសបានឯកភាព តម្លើងកម្រិតទៅជាភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក ឯកអគ្គរាជទូត បានជម្រាបជូនផងដែរអំពី ៖
(១) ជោគជ័យលើការរៀបចំ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ រួមទាំងការចូលរួមថ្នាក់ដឹកនាំកំពូលបណ្តាប្រទស អង្គការសំខាន់ៗ នៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ (២) ការរួមចំណែករបស់កម្ពុជា ជាមួយជប៉ុនលើការដោះមីននៅអ៊ុយក្រែន នាពេល ខាងមុខ។ (៣)ការស្វាគមន៍រាល់ការវិនិយោគពីប្រទេសចិន ជប៉ុន និងប្រទសដ៏ទៃទៀត អំឡុងពេលកូវីដ និងការស្តារឡើងវិញក្រោយកូវីដ (៤) ការរំលឹកខួប ៣០ឆ្នាំនៃការបញ្ជូនកងស្វ័យការពារជប៉ុន ទៅកម្ពុជា ក្នុងនាមកងកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ (PKO) នៅឆ្នាំ១៩៩២ និងការវិវត្តន៍ខ្លួនកម្ពុជា ទៅជាប្រទេសផ្តល់កងកំលាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅប្រទេសដ៏ទៃចាប់ពីឆ្នាំ ២០០៦ (៥)ផែនការយុទ្ធសាស្រ្តដោះមីនអោយអស់លើទឹកដីកម្ពុជានៅត្រឹមឆ្នាំ២០២៥ ព្រមទាំងបាន លើកស្នើឱ្យមានការលើកទឹកចិត្តដល់ក្រុមហ៊ុន និងអ្នកវិនិយោគិនជប៉ុន ពិចារណាដាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងជំរុញការ នាំចូលកសិផល (ម្រេច ស្វាយចន្ទី ។ល។) មកជប៉ុន ឱ្យបានកាន់តែច្រើនថែមទៀត និងការស្នើឱ្យមានដំណើរការឡើងវិញ ជើងហោះហើរត្រង់ជប៉ុន-កម្ពុជា នៃក្រុមហ៊ុនយន្តហោះ ANA ដើម្បីលើកស្ទួយវិស័យទេសចរណ៏ រវាងប្រទេសទាំង២៕
ដោយ : សហការី