ខេត្តបាត់ដំបង ៖ យុវជនម្នាក់ត្រូវម្តាយបង្កើតប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនខណៈរូបគេបានប្រើហិង្សាមកលើគាត់ដោយសារតែជននេះបានប្រើប្រាស់ថ្នាំញៀនលែងដឹងបាបបុណ្យ។
យោងតាមការឲ្យដឹងពីលោកស្រី ជា រ៉ាក់ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានឱ្យដឹងថា កូនប្រុសរបស់លោកស្រីមានឈ្មោះ ទឹម ចាន់វាសនា អាយុ២០ឆ្នាំ ជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀន ហើយរយៈពេលកន្លងមករូបគេតែងតែប្រើអំពើហិង្សាមកលើលោកស្រីជាច្រើនលើកច្រើនសារ និងធ្លាប់បានកាប់ទៅលើលោកសង្ឃរហូតសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារអស់រយៈពេល០២ឆ្នាំផងដែរ។
លោកស្រីបានបញ្ជាក់បន្តថា ក្រោយចេញពីពន្ធនាគារកូនប្រុសម្នាក់នេះមិនបានកែខ្លួននោះទេ រូបគេតែងតែបង្កហិង្សាដដែល រហូតនៅវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រូបគេបានប្រើអំពើរហិង្សាដោយច្រានលោកស្រីធ្លាក់ពីលើគ្រែ និងបានទាញចានបាយបម្រុងវៃក្បាលលោកស្រីថែមទៀត តែត្រូវបានប្តីក្រោយលោកស្រីចាប់ឃាត់ខ្លួនបាន និងរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចំការសំរោងមកនាំខ្លួនជាថ្មីដើម្បីចាត់ការតាមផ្លូវច្បាប់បន្ត៕
ដោយ៖ចន្ទ លីហ្សា