ខេត្តស្វាយរៀង៖ លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សាលារៀន ចំរើន សូនីតា គឺចាត់ទុកជាសាលារៀនមួយដែលជាវិស័យឯកជនបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ក្មួយៗសិស្សានុសិស្សនៅទីនេះផ្ទាល់ ក៏ដូចជានៅតាមសហគមន៍ផងដែរ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២ ក្នុងពិធីសម្ភោធអគារសិក្សា ចំរើន សូនីតា ដែលជាសាលារៀនឯកជន ស្ថិតនៅក្នុងភូមិថ្មីឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះលោកប៊ូ ថុន នាយកសាលាចំរើន សូនីតាបានថ្លែងពីប្រវត្តិសាលារៀននេះដែលបានបង្កើតឡើងតាំងពីថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ហើយបានចូលរួមក្នុងការអភិវឌ្ឍសមត្ថភាពកុមារក្នុងមូលដ្ឋានឃុំក្រសាំង ឃុំសំបូរ និងឃុំអណ្តូងត្របែកអស់រយៈពេល៥ឆ្នាំមកហើយ ។
សាលាមានការទទួលស្គាល់គុណភាពអប់រំពីមន្ទីរអប់រំ យុវជននិងកីឡា ខេត្តស្វាយរៀង ព្រមទាំងមានការអនុញ្ញាតឱ្យដំណើរការដោយមន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀង។ កាលពីចាប់ផ្តើមដំបូងសាលាមានសិស្សប្រមាណ ៣២នាក់ប៉ុណ្ណោះ។ តែដោយសាលានេះបង្រៀនឱ្យកុមារមានការរីកចម្រើនបន្តបន្ទាប់មកនោះក៏មានការគាំទ្រពីសំណាក់លោកឪពុក អ្នកម្តាយ លោកយាយ លោកតា បងប្អូនដែលជាអាណាព្យាបាលសិស្សឥតឈប់ឈរទើបធ្វើឱ្យសាលាមានសមត្ថភាពក្នុងការកសាងអគារសមល្មមមួយនៅក្នុងថ្ងៃនេះ ដោយបច្ចុប្បន្នសាលារៀនមានសិស្សសរុប ៣១៧នាក់ ស្រី២០៨នាក់។
លោកស៊ូ ម៉ុល អភិបាលស្រុកបានបន្តថា ស្រុករមាសហែកមានការរីកចម្រើននូវវិស័យអប់រំ វិស័យសុខាភិបាល ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្សនេះ រួមទាំងប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនដូចសព្វថ្ងៃនេះ។
លោក អភិបាលស្រុកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ប៊ូ ថុន នាយកសាលាចំរើនសូនីតា ដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរស្រុក បានធ្វើឱ្យវិស័យអប់រំនៅស្រុករមាសហែក មានការរីកចម្រើន។
លោកក៏បានណែនាំដល់មាតាបិតាឫអាណាព្យាបាលទាំងអស់ត្រូវជំរុញឱ្យកូនៗ ចូលរៀនបានគ្រប់ៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ដើម្បីឱ្យក្មួយៗសិស្សានុសិស្សមានចំណេះដឹងគ្រប់គ្រាន់ ក្នុងការបន្តសិក្សានៅវិទ្យាល័យ ឫមហាវិទ្យាល័យបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះលោកស៊ូ ម៉ុលក៏បានលើកឡើងពីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមអញ្ជើញពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ឱ្យបានគ្រប់គ្នានិងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលអត្តសញ្ញាណប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងនាំគ្នាមកចាក់វាក់សាំងដូសជំរុញអោយបានគ្រប់ៗគ្នា៕
ដោយ៖ សុថាន