ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី Tsai Ing-wen បានលាលែងចេញពីតំណែងប្រធានគណបក្សក្រោយចាញ់ឆ្នោត

ចែករំលែក៖

ប្រមុខដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានសម្រេចលាលែងចេញពីតំណែងប្រធានគណបក្សកាន់អំណាច ក្រោយពេលបរាជ័យក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២២។ ប៉ុន្តែលោកស្រីនៅតែបន្តកាន់តំណែងជាមេដឹកនាំកោះតៃវ៉ាន់រហូតដល់អាណត្តិទីពីររបស់លោកស្រីបញ្ចប់នៅឆ្នាំ២០២៤ ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ការណ៍ដែលលោកស្រី បានលាលែងចេញពីតំណែងប្រធានគណបក្សកាន់អំណាច DPP បន្ទាប់ពីយុទ្ធសាស្រ្តរបស់លោកស្រី ក្នុងការព្យាយាមយកការបោះឆ្នោតថ្នាក់តំបន់ធ្វើជាការបង្ហាញភាពតស៊ូជម្នះរបស់ទីក្រុងតៃប៉ិ ប្រឆាំងនឹងការដាក់សម្ពាធរបស់ទីក្រុងប៉េកាំង មិនបានផ្តល់លទ្ធផលតាមការរំពឹងទុក។
ការបោះឆ្នោតកាលពីថ្ងៃ២៦ខែវិច្ឆិកានេះ ដែលសម្រាប់ជ្រើសរើសអភិបាលក្រុង អភិបាលស្រុក និងសមាជិកក្រុមប្រឹក្សាប្រចាំមូលដ្ឋានគឺផ្តោតតែទៅលើបញ្ហាក្នុងស្រុកដូចជា វិបត្តិកូវីដ-១៩និងឧក្រិដ្ឋកម្មប៉ុណ្ណោះ ហើយអ្នកដែលជាប់ឆ្នោតមិនមានសិទ្ធិសម្រេចអ្វីពាក់ព័ន្ធនឹងគោលនយោបាយចិនដោយផ្ទាល់នោះឡើយ។ ទោះជាយ៉ាងណាក្តី លោកស្រី សៃ បាននិយាយថា វាមានន័យលើសពីការបោះឆ្នោតថ្នាក់តំបន់ធម្មតាៗ ដ្បិតពិភពលោកកំពុងសម្លឹងមើលថាតើតៃវ៉ាន់នឹងការពារប្រជាធិបតេយ្យរបស់ខ្លួនដោយរបៀបណានៅចំពោះមុខភាពតានតឹងយោធាជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះត្រឹមជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។
ក្នុងការបោះឆ្នោតខាងលើ គណបក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់គឺ គូមីនតាង (Kuomintang ឬ KMT) ដណ្តើមបានតំណែងអភិបាលក្រុង និងស្រុកចំនួន១៣ ក្នុងចំណោម២១ រួមទាំងនៅទីក្រុងតៃប៉ិផងដែរ ស្របពេលដែលគណបក្ស DPP យកបានតែ៥ប៉ុណ្ណោះ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីស្នាក់ការរបស់គណបក្សអំពីការលាលែងជាប្រធានបក្ស DPP លោកស្រី សៃ បាននិយាយដូច្នេះថា «លទ្ធផលគឺខុសពីការរំពឹងទុករបស់យើង ដូច្នេះហើយយើងទទួលយកលទ្ធផលនេះ ក៏ដូចជាទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់»។
កាលពីការបោះឆ្នោតថ្នាក់តំបន់ឆ្នាំ២០១៨ លោកស្រី សៃ អ៉ីងវិន ក៏បានលាលែងពីតំណែងប្រធានបក្សដូចគ្នាដែរ ក្រោយទទួលលទ្ធផលមិនបានល្អ។ លោកស្រី សៃ បានឱ្យដឹងថា លោកស្រីបានបដិសេធសំណើលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី លោក ស៊ូ សេងចាង (Su Tseng-chang) ដែលជាសមាជិកជាន់ខ្ពស់មួយរូបនៅក្នុងបក្ស DPP ដោយលោកស្រីបានស្នើឱ្យលោកនៅបន្តកាន់តំណែងដដែល ដើម្បីធានាថាគោលនយោបាយនានារបស់លោកស្រីនឹងត្រូវអនុវត្តបានត្រឹមត្រូវ។
ពាក់ព័ន្ធការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់ ខាងទីក្រុងប៉េកាំងបានលើកឡើងថា លទ្ធផលដែលចេញមកបានបង្ហាញថា ការយល់ឃើញរបស់ប្រជាជនតៃវ៉ាន់ទូទៅ គឺពួកគេចង់បានសុខសន្តិភាព ស្ថិរភាព និងការរស់នៅល្អប្រសើរ ហើយទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយប្រជាជនតៃវ៉ាន់ដើម្បីលើកកម្ពស់ទំនាក់ទំនងសន្តិភាព ព្រមទាំងប្រឆាំងនឹងចលនាឯករាជ្យតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែកពីបរទេស៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖