ខេត្តកោះកុង ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងផ្នែកអនុវត្តដីកា នៃការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆឹង វាសនា ស្នងការរងខេត្ត បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៨៩អ.យ/២២ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ចេញដោយលោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ រុំ មូតាហ្វា ហៅហ្វា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាល ពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ នេះបើយោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
ផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រី ឆឹង វាសនា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ រុំ មូតាហ្វា នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅផែនការងារនគរបាលព្រហ្មទណ្ឌ ដើម្បីបំពេញនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុងនៅរសៀលថ្ងៃដដែល៕
ដោយ : សហការី