ភ្នំពេញ៖ របាយការណ៍ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអោយដឹងថា ការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបចំនួន ៥ ៦១៤ លានដុល្លារអាមេរិក នៅត្រីមាសទី៣ ឆ្នាំ២០២២ ពោលគឺកើនឡើងបាន៤,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញ ផ្សាយកាលពីសប្តាហ៍មុន បានអោយដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២២ ការនាំចូលទំនិញមានទឹកប្រាក់សរុប ចំនួន ៧ ៨៩៩ លានដុល្លារអាមេរិក បានកើនឡើង ២២,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
របាយការណ៍ខាងលើនេះបញ្ជាក់ថាបើមិនរាប់បញ្ជូល មាស ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧ លានដុល្លារអាមេរិក បានកើនឡើង ៤,៣ភាគរយ ដែលបានគាំទ្រដោយការនាំចេញសំលៀកបំពាក់ ស្បែកជើង កាបូប កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត។
ទន្ទឹមនេះ ការនាំចូល ដោយមិនរាប់បញ្ជូលមាស មានទឹកប្រាក់សរុបចំនួន ៦ ៣៥១ លានដុល្លារអាមេរិក បានកើនឡើង ៩,២ភាគរយ ដោយសារការកើនឡើងនៃការនាំចូលប្រេងឥន្ទនៈ យានយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងគ្រឿងឧបភោគបរិភោគ ជាដើម។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ក្នុងរបាយការណ៍ខាងលើនេះថា ក្នុងត្រីមាសទី៣នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងងើបឡើងតាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម និងការបន្តកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេលដែលការ នាំចេញបន្តមានកំណើនល្អ លើផលិតផលកាត់ដេរ និងផលិតផលមិនមែនកាត់ដេរ ដូចជា កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត និងផលិតផលផ្សេងៗមួយចំនួនទៀត៕
ដោយ៖ សូរិយា