ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាគី

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋស្លូវ៉ាគី ដោយបញ្ជាក់ថា, នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បណ្ឌិត ចែម វីទ្យា រដ្ឋលេខាធិការ នៃក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី នៅរដ្ឋធានីប្រាទីស្លាវ៉ា។ កិច្ចពិគ្រោះ យោបល់នេះត្រូវបានដឹកនាំដោយសហប្រធាន លោកបណ្ឌិតរដ្ឋលេខាធិការ ចែម វីឌៀ និង សមភាគី លោកស្រីរដ្ឋលេខាធិការ អ៊ីនហ្គ្រីត ប្រូកខូវ៉ា។

ជាកិច្ចចាប់ផ្ដើម រដ្ឋលេខាធិការទាំងពីរបានពន្យល់គ្នាទៅវិញទៅមកអំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសរបស់ខ្លួន ជាពិសេសនៅក្នុងអំឡុងពេលបច្ចុប្បន្ននៃការរាតត្បាត ជំងឺកូវីត-១៩ និងសង្គ្រាមនៅផ្នែកខ្លះក្នុងតំបន់អឺរ៉ុប។ លោកស្រី អ៊ុនហ្គីត ប្រូកខូវ៉ា បានបង្ហាញនូវ ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអត្រាដ៏ខ្ពស់នៃការចាក់វ៉ាក់សាំង និងរបៀបដែលរាជរដ្ឋាដ្ឋាភិបាល កម្ពុជាបានដោះស្រាយយ៉ាងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ហើយលោកជំទាវ ក៏បានបង្ហាញពីកង្វល់ ជាពិសេសចំពោះសន្តិសុខនៅអឺរ៉ុប។

ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីប្រកបដោយសក្តានុពល តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច រួមទាំងសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរ និងបន្តពង្រីកការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការអន្តរជាតិ។

លោកបណ្ឌិត ចែម វីឌៀ បានជម្រាបដោយសង្ខេបអំពីភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង៤១) និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញ បានបិទបញ្ចប់ប្រកបដោយ ជោគជ័យ ដោយបានផ្ដោតលើបញ្ហាសំខាន់ៗជាច្រើនដែលតំបន់ និងពិភពលោកកំពុងជួបប្រទះ នាពេលបច្ចុប្បន្ន ដូចជាស្ថានការណ៍សន្តិសុខដ៏គួរឱ្យព្រួយបារម្ភ ការធ្លាក់ចុះសេដ្ឋកិច្ច ជំងឺរាតត្បាត សកល ការប្រែប្រួលអាកាសធាតុ វិបត្តិស្បៀងអាហារ និងថាមពលជាដើម និងកិច្ចសហតិបត្តិការ លើវិស័យដែលមានសក្តានុពល ដែលប្រទេសទាំងអស់អាចបង្កើតរួមគ្នា។

លោកស្រី អ៊ុនហ្គីត ប្រូកខូវ៉ា បានសម្តែងការអបអរសាទយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ភាពជោគជ័យដ៏ធំធេងនៃការធ្វើជាប្រធានអាស៊ាន ដែល បានឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធដែល បានប្រព្រឹត្តិទៅយ៉ាងរលូន ព្រមទាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ និងសម្រាប់តួនាទី និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការកាត់បន្ថយភាពតានតឹងក្នុងតំបន់ ជាពិសេសវិបត្តិនៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរបានបន្តពិភាក្សាលើទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ដោយចាត់ទុកថាមាន សារៈសំខាន់យ៉ាងខ្លាំងសម្រាប់តំបន់ទាំងពីរ ដោយបានចែករំលែកទស្សនៈបន្ថែមទៀតថា ចក្ខុវិស័យ អាស៊ាន និងយុទ្ធសាស្ត្រសហភាពអឺរ៉ុបស្តីពីឥណ្ឌូប៉ាស៊ីហ្វិក គឺមានចក្ខុវិស័យស្រដៀងគ្នា នោះគឺផ្ដោត សំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែនសមុទ្រសេដ្ឋកិច្ចដែលមានការតភ្ជាប់ ធន់ ស្អាត និង យុត្តិធម៌ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងបានយល់ ស្របគ្នាថា ទស្សន:ឥណ្ឌូប៉ាស៊ីហ្វិករបស់សហភាពអឺរ៉ុប គួរតែបំពេញបន្ថែមឱ្យទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក។

រដ្ឋលេខាធិការទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផល ប្រយោជន៍ និងកង្វល់រួម។ ភាគីទាំងពីរបានជជែកគ្នាយ៉ាងស៊ីជម្រៅលើសង្គ្រាមនៅអ៊ុយក្រែន និង វិបត្តិនៅមីយ៉ាន់ម៉ា។ លោកស្រី ស៊ុនហ្គីត ប្រូកខូវ៉ា បានលើកឡើងថា បច្ចុប្បន្ន ស្លូវ៉ាគីកំពុងប្រឈម មុខនឹងបញ្ហាប្រឈមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័ន និងលំហូរជនភៀសខ្លួនជាបន្តបន្ទាប់។ លោកស្រី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះជំហរដ៏រឹងមាំរបស់កម្ពុជានៅអង្គការសហ ប្រជាជាតិ។

ចំពោះស្ថានភាពនៅមីយ៉ាន់ម៉ា លោកបណ្ឌិត ចែម វីឌៀ បានគូសបញ្ជាក់អំពីភាពស្មុគ ស្មាញនៃវិបត្តិនយោបាយមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាបេសកជនពិសេស ក្នុងការជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំនុច ដែលបានឯកភាព ដោយថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាកាតាកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។ លោក បណ្ឌិតរដ្ឋលេខាធិការ បានបន្ថែមថា ការដោះលែងអ្នកទោសទ្រង់ទ្រាយធំ គឺជាកាយវិការដ៏សំខាន់ ក្នុងទិសដៅត្រឹមត្រូវដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនាក្នុង ចំណោមភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្រៅពីនេះ រដ្ឋលេខាធិការទាំងពីរក៏បានយល់ស្របគ្នាថា ការប្រកួតប្រជែងអំណាចបាន បញ្ចេញឥទ្ធិពលអវិជ្ជមានមកលើប្រទេសតូចៗដូចជា កម្ពុជា និងស្លូវ៉ាគី។ ក្នុងន័យនេះ ភាគីទាំងពីរ ជឿជាក់ថា វាចំបាច់ណាស់ក្នុងការគោរពច្បាប់អន្តរជាតិ និងពហុភាគីនិយម ក្រោមឆ័ត្ររបស់ស្ថាប័ន អន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន និងសហភាពអ៊ឺរ៉ុប។ ភាគីទាំងពីរបានឯកភាពគ្នាថា កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖