ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិរៀបចំកម្មវិធីបូក សរុបលទ្ធផលការងារបណ្ដុះបណ្ដាលនិងបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី២

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ខែធ្នូឆ្នាំ២០២២មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ,អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិបានរៀបចំកម្មវិធីបូកសរុបលទ្ធផលការងារបណ្ដុះបណ្ដាល និងបញ្ចប់វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី២ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក គឹម រស្មី ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសនាបតីគេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គលេខាធិការរង ក្រសួងការពារជាតិ។

តាមរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី ហៀ ហ៊ីន នាយក មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃ ខ.ភ.ម. ឲ្យដឹងថា អគ្គលេខាធិការដ្ឋានក្រសួងការពារ ជាតិក្រោមការដឹកនាំផ្ទាល់ដោយនាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ ព្រមជាមួយថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានទាំង អស់ បានយកចិត្តទុកដាក់លើការបណ្តុះបណ្ដាលធនធានមនុស្ស តាមរយៈការបង្កើតវគ្គហ្វឹកហ្វឺន វគ្គអប់រំចិត្តសាស្ត្រ ពិសេសវគ្គបណ្ដុះបណ្ដាលការងារដ្ឋបាល តាមបណ្តាឆ្នាំរយៈពេលកន្លងមក ក្នុងនោះបានផ្តល់ទាំងបទពិសោធន៍ទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង ដល់សិក្ខាកាមដែលមកពីតាមបណ្តាស្ថាប័ន អង្គភាពចំណុះក្រសួងការពារជាតិនិងអគ្គបញ្ជាការដ្ឋាននៃ ខ.ភ.ម ហើយសិក្ខាកាមទាំងនោះ គឺជានាយទាហានដែលកំពុងអនុវត្តផ្ទាល់លើការងាររដ្ឋបាល និងកំពុងបំពេញតួនាទីដ៏មមាញឹកយ៉ាងណាក៏អ្នកទាំងនោះនៅតែខិតខំព្យា យាម ពុះពារនិងខំរៀនសូត្រ រហូតបញ្ចប់វត្តតាមផែនការកំណត់។ 

ឧត្តមសេនីយ៍ត្រី ហៀ ហ៊ីន បានឲ្យដឹងដែរថា វគ្គបណ្តុះ បណ្តាលការងាររដ្ឋបាល ជំនាន់ទី២ ឆ្នាំ២០២១ មានសមាសភាពសរុប ចំនួន២៣០នាក់ ក្នុងនោះសិក្ខាកាមចំនួន ២០៣នាក់ ជានាយទាហាន បានបញ្ជូនមកពីតាមបណ្តាស្ថាប័ន អង្គភាព ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃ ខភម និងយោធាចារ្យ សាស្ត្រាចារ្យ ចំនួន២៧នាក់ អញ្ជើញមកពីអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ នាយកដ្ឋានភូមិសាស្ត្រ នាយកដ្ឋាននីតិកម្ម ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមុខងារសារធារណៈ ក្រសួងធម្មការ និងសាសនា និងសាលាភូមិន្ទរដ្ឋបាល។

ឆ្លងកាត់ការសិក្សាអស់រយៈពេល១២ខែ គិតចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ មកដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី២ ឆ្នាំ២០២១ ដែលផ្តោតសំខាន់លើខ្លឹមសារមេរៀន

១៨មុខវិជ្ជា បានបញ្ចប់វគ្គប្រកបដោយជោគជ័យ ក្នុងនោះសិក្ខាកាមទទួលនិទ្ទេសល្អណាស់មានចំនួន៧នាក់, ល្អ ៦០នាក់, ល្អបង្គួរ ៥០នាក់, មធ្យម ៧៦នាក់ និងខ្សោយ ១០នាក់។ ជាមួយគ្នានេះ នាយទាហាន អគ្គ លេខាធិការដ្ឋាន ក្រសួងការពារជាតិ យោធាចារ្យ និងសាស្ត្រាចារ្យ ៨១រូប ទទួលបានប័ណ្ណសរសើរ និងលិខិតសរសើរ និងមានសិក្ខាកាមឆ្នើម ៧២រូប ទទួលបានប័ណ្ណសរសើរ និងលិខិតសរសើរផងដែរ។

ក្នុងនាមនាយឧត្តមសេនីយ៍ សំ វណ្ណថននិងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, ឧត្តមសេនីយ៍ឯក គឹម រស្មី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១ និង២០២២នេះ ការងារបណ្តុះបណ្តាល និងការងារហ្វឹកហ្វឺនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សស្រប តាមផែនការកែទម្រង់ ខ.ភ.ម ដែលជាចក្ខុវិស័យ និងជា អាទិភាពមួយក្នុងវិស័យអាទិភាពទាំង៤នៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ លោក គឹម រស្មី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលការងាររដ្ឋបាលនៃ ខ.ភ.ម ដែលបានប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ជួរ ខ.ភ.ម នៅលើកិច្ចការងារគ្រប់ គ្រងរដ្ឋបាល ការអប់រំចិត្តសាស្ត្រ ពិសេសបានបំពាក់ បំប៉នឲ្យសិក្ខាកាមបានយល់ដឹងពីតម្លៃនៃសន្តិភាព តាម រយៈការចុះទស្សនកិច្ចនៅវិមានឈ្នះៗនាពេលកន្លមក។

 ជាមួយគ្នានេះក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែងរបស់កម្មសិក្សាការីវគ្គបណ្តុះ បណ្តាលការងាររដ្ឋបាលទាំងអស់ ដែលបានខិតខំយក ចិត្តទុកដាក់រៀនសូត្ររហូតបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ លោកគឹម រស្មី បានជំរុញ និងលើកទឹកចិត្តដល់នាយទាហាន និងពលទាហាន អគ្គលេខាធិការ ក្រសួងការពារជាតិ និងសិក្ខាកាមការងាររដ្ឋបាលខ.ភ.ម ត្រូវមានឆន្ទៈស្មោះត្រង់ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យអធិបតេយក្យបូរណភាព ទឹក ដី ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិពណ៌ និងសកម្មភាពប្រទូសរាយគ្រប់ បែបយ៉ាងរបស់ក្រុមប្រឆាំងនិងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងឥតឈប់ឈរសំដៅរាំងខ្ទប់ការអភិវឌ្ឍន៍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋឲ្យបានទាន់ពេលវេលា និងគ្រប់កាលៈទេសៈ។

 ក្នុងនោះយើងជា ខ.ភ.ម ត្រូវចូលរួមគ្រប់សកម្មភាពក្នុងការការពារសន្តិសុខ សន្តិភាព សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ កិច្ចការសង្គមធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ៕

ដោយ៖ សូរិយា


ចែករំលែក៖