ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ករណីបាញ់នៅក្រុងបាត់ដំបង មានតម្រុយហើយ សមត្ថកិច្ចកំពុងតាមយ៉ាងប្រកិតពីក្រោយខ្មាន់កាំភ្លើង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចកំពុងដុតដៃដុតជើង ស៊ើបអង្កេត ស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត រហូតដល់មានតម្រុយហើយ សមត្ថកិច្ចក៏កំពុងបំពេញភារកិច្ច តាមយ៉ាងប្រកិតពីក្រោយខ្មាន់កាំភ្លើង ដើម្បីបង្ក្រាបចាប់ឃាត់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ 

សូមបញ្ជាក់ថា, យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍បាញ់ប្រហារជាង ១០គ្រាប់នៅកណ្តាលក្រុងបាត់ដំបង ក្រោយមានទំនាស់ពាក្យសម្តីរវាងក្រុមស្ទាវពីរក្រុម ចេញពីក្លឹបមកដូចគ្នា។

ប្រភពនៅកន្លែងកើតហេតុបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីឈ្លោះប្រកែកគ្នារវាងក្រុមស្ទាវពីរក្រុមដែលភាគីម្ខាងមានឡាន មានកាំភ្លើងបានបាញ់ប្រហារទៅលើភាគីម្ខាងទៀតជាង១០គ្រាប់បណ្តាលឱ្យយុវជន០៣នាក់ជិះម៉ូតូ មកអង្គុយនៅលើកៅអីបង់មាត់ស្ទឹងសង្កែ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) ហើយក្រោយមកក្នុងចំណោមយុវជន០៣នាក់ក្នុងនោះមានម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ។

ប្រភពដដែលបានបន្តថា ក្រោយមានការបាញ់ប្រហាររួចមក ក្រុមជនដៃដល់បានជិះរថយន្តគេចខ្លួនបាត់ស្រមោលអស់ បន្ទាប់មកសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកប្រមូលវត្ថុតាងនិងដាក់កម្លាំងស្រាវជ្រាវស្វែងរកក្រុមជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមជម្រាបថា, ក្រុមស្ទាវចូលក្លឹប ហេតុអីមានកាំភ្លើង ចុះបើពួកគេមានជម្លោះក្នុងក្លឹបវិញ បើប្រើប្រាស់កាំភ្លើង អាចនឹងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់អ្នកដទៃ។ សង្ឃឹមថា សមត្ថកិច្ចនឹងប្រមាញ់ ក្រុមជនដៃដល់ ឱ្យបានតាមជំនាញ ដើម្បីលុបបំបាត់អសន្តិសុខ ក្នុងសង្គម ៕

ដោយ : សហការី


ចែករំលែក៖