ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ចិនតៃវ៉ាន់ម្នាក់បញ្ជូនទៅតុលាការ បម្រុងនាំថ្នាំញៀនជាង២គីឡូក្រាម ឡើងយន្តហោះពីកម្ពុជាទៅក្រុងតៃប៉ិ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជូនជនជាតិចិនតៃវ៉ាន់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ព័ន្ធករណីជួញដូរ និងដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ ។ 

ជនសង្ស័យឈ្មោះ YANG CHIN CHUNG ភេទ ប្រុស អាយុ៤៦ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ កាន់លិខិតឆ្លងដែនលេខ 360672244 ។ 

ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនការងារប្រយុទ្ធប្រឆាំបទ ល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ(ក១០)ដឹក នាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ បានចុះទៅសហការជាមួយសមត្ថកិច្ចគយ ប្រចាំនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរចេញ)ត្រួតពិនិត្យ និងឆែកឆេរអ្នកដំណើរ មិនប្រក្រតី ។ ក្នុងនោះក៏បានរកឃើញជនជាតិចិនតៃវ៉ាន់ម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ ពីកម្ពុជាមានគោលដៅច្បាស់លាស់ទៅក្រុងតៃប៉ិ (កោះតៃវ៉ាន់) តាមច្រក ព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដោយមានលាក់ទុកសារធាតុញៀនប្រភេទ”ហេរ៉ូអ៊ីន”ចំនួន០៨ដុំ ទម្ងន់២៧៩៩.៧៩ក្រាមស្មើ ជិត៣គីឡូក្រាម ដែលជនសង្ស័យបានរុំលាក់ទុកបិទជាប់នឹងដងខ្លួន ក្នុងទិសដៅដឹកជញ្ជូនសារធាញៀនចេញពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងតៃប៉ិ(កោះតៃវ៉ាន)តាមរយៈជើងហោះហើរក្រុមហ៊ុន (EVAAIR) BR0266/03DEC ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖