ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មានស្លាប់ពេលបំពេញការងារច្រើនជាងឆ្នាំមុន២០នាក់

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្សាយថា សហព័ន្ធអ្នកកាសែតអន្តរជាតិ (International Federation of Journalists ឬ IFJ) បានចេញរបាយការណ៍ថ្មីមួយឱ្យដឹងថា វិបត្តិសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន បូករួមជាមួយភាពវឹកវរនៅក្នុងប្រទេសហៃទី ហើយនិងការកើនឡើងនៃអំពើហិង្សាដោយក្រុមឧក្រិដ្ឋជននៅម៉ិចស៉ិក បានចូលរួមចំណែកក្នុងការកើនឡើងនៃចំនួនអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតអំឡុងពេលបំពេញការងារនៅក្នុងឆ្នាំនេះ។
តាមការលើកឡើងរបស់សហព័ន្ធ IFJ បាននិយាយកាលពីថ្ងៃសុក្រនៅក្នុងរបាយការណ៍របស់ខ្លួនថា ក្នុង២០២២នេះមកទល់ពេលឥឡូវ មានអ្នកកាសែតនិងបុគ្គលិកស្ថាប័នផ្សព្វផ្សាយព័ត៌មាន ចំនួន៦៧នាក់ហើយត្រូវបានគេសម្លាប់នៅជុំវិញពិភពលោក។ តួលេខនេះលើសចំនួនអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតកាលពីក្នុងឆ្នាំមុន ២០នាក់ ដោយកាលពីឆ្នាំ២០២១ មានអ្នកកាសែតស្លាប់៤៧នាក់។
យោងតាមរបាយការណ៍របស់ IFJ បុគ្គលិកបណ្តាញសារព័ត៌មានសរុបចំនួន១២នាក់បានស្លាប់អំឡុងពេលយកព័ត៌មានអំពីសង្រ្គាមនៅអ៊ុយក្រែន ដែលជាចំនួនច្រើនជាងប្រទេសណាៗទាំងអស់ក្នុងឆ្នាំនេះ។ ពួកគេភាគច្រើនគឺជាអ្នកកាសែតអ៊ុយក្រែនផ្ទាល់ ប៉ុន្តែអ្នកកាសែតបរទេសមួយចំនួនក៏បានបាត់បង់ជីវិតផងដែរ ខណៈដែលការស្លាប់ភាគច្រើនបានកើតឡើងអំឡុងភាពចលាចលនាប៉ុន្មានសប្តាហ៍ដំបូងនៃសង្រ្គាម។
សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ ដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក តំណាងឱ្យអ្នកសារព័ត៌មានសរុបប្រមាណជា ៦០០,០០០នាក់ មកពីសហជីពនិងសមាគម នៃបណ្តាប្រទេសជាង១៤០ ជុំវិញពិភពលោក៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN


ចែករំលែក៖