ព័ត៌មានទាន់ហេតុការណ៍៖

តោះនាំគ្នាស្វែងយល់បន្តិច «អ្វីទៅជាសេវាកាតព្វសកល (USO) នៅក្នុងវិស័យទូរគមនាគមន៍»?

ចែករំលែក៖

ភ្នំពេញ ៖ សេវាកាតព្វកិច្ចសកល ឬ The Universal Service Obligation (USO)  នៅក្នុងវិស័យទូរគមនាគមន៍ គឺជាកិច្ចការពារអ្នកប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង ដែលធានាថាគ្រប់គ្នាអាចមានលទ្ធភាពលុកចូលទៅប្រើប្រាស់សេវាទូរស័ព្ទអចល័យ សេវាទូរស័ព្ទសាធារណៈ ទូេស័ព្ទចល័ត និងសេវាអ៉ីនធឺណិត នៅគ្រប់ទីកន្លែង ជាពិសេសនៅក្នុងតំបន់ទៅជនបទឆ្ងាយដាច់ស្រយាល ដែលជាកន្លែងមនុស្សរស់នៅនិងប្រកបការងារ។

កាតព្វកិច្ចក្នុងការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ជាសកល ឬហៅជាភាសាបរទេសថា Universal Access Obligation (UAO) ត្រូវបានកំណត់ជានិយមន័យផ្តាច់មុខនៃសេវាកាតព្វកិច្ចសកលដែលបានផ្លាស់វិវត្តន៍។ បច្ចេកវិទ្យានៃការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ ឬហៅថា Access Technologies ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់នូវកាតព្វកិច្ចក្នុងការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ជាសកល ដោយមិនមានដែនកំណត់ ហើយបច្ចេកវិទ្យានៃការផ្តល់លទ្ធភាពលុកចូលទៅប្រើប្រាស់ដែលឆ្លើយតបទៅនឹងល្បឿននៃការតភ្ជាប់ និងតម្រូវការនៃប្រតិបត្តិការ សម្រាប់សេវាអត្តសញ្ញាណកម្មឌីជីថល ត្រូវរាប់បញ្ចូលទាំងនៅក្នុងសេវាកាតព្វកិច្ចសកលដែលបានផ្លាស់ប្តូរ។

មូលនិធិសេវាកាតព្វកិច្ចសកល ឬ Universal Service Obligation Fund (USOF)៖

វាជាផ្នែកមួយក្រៅពីតម្លៃទុនកម្រឹតខ្ពស់នៃការផ្តល់សេវាទូរគមនាគមន៍ នៅក្នុងទីជនបទ និងតំបន់ឆ្ងាយដាច់ស្រយាល ដែលតំបន់ទាំងនោះជាតំបន់រកចំណូលបានទាបបំផុត ដោយសារតែដង់ស៊ីតេប្រជាពលរដ្ឋរស់នៅមានចំនួនទាបបំផុត មានចំណូលតិច និងមានសកម្មភាពពាណិកម្មកម្រឹតខ្យោយបំផុត។ 

ដូច្នេះហើយ បើប្រើប្រាស់កម្លាំងទីផ្សារធម្មតាតែឯកឯង នឹងមិនអាចទៅរួចឡើយសម្រាប់ការពង្រីកនិងការបម្រើសេវាទូរគមនាគមន៍ ឱ្យបានគ្រប់គ្រាន់ទៅដល់តំបន់ជនបទ និងតំបន់ឆ្ងាយដាច់ស្រយាលទាំងនោះបានទេ។ ដោយមើលឃើញពីភាពមិនគ្រប់គ្រាន់នៃយន្តការទីផ្សារ សម្រាប់ការពង្រីកនិងការបម្រើសេវាទូរគមនាគមន៍នៅតាមតំបន់ជនបទ និងតំបន់ដែលមិនអាចចូលទៅដល់បាន និងសារៈសំខាន់នៃការផ្តល់ការតភ្ជាប់បណ្តាញទូរគមនាគមន៍ឲ្យបានគ្រប់ទិសទីនិងគ្រប់មនុស្សមានលទ្ធភាពលុកចូលទៅប្រើប្រាស់ នៅតាមទីជនបទ និងតាមតំបន់ឆ្ងាយដាច់ស្រយាល ទើបរដ្ឋនៃបណ្តាប្រទេសភាគច្រើននៃពិភពលោកបានដាក់ចេញនូវគោលនយោបាយដើម្បីប្រមូលមូលនិធិមួយចំនួនដែលបានមកពីផលចំណូលរកបានរបស់ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ នៅក្នុងតំបន់ពាណិជ្ជកម្មនិងមឋនដង់ស៊ីតេប្រជាជនរស់នៅច្រើន ដើម្បីរដ្ឋរៀបចំផែនការយុទ្ធសាស្រ្ត និងផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានអាចផ្តល់លទ្ធភាពដល់ប្រតិបត្តិករទូរគមនាគមន៍បានប្រើប្រាស់ជាហេដ្ឋារចនាសម្ព័ន្ធរួមកាត់បន្ថយទុនវិនិយោគ ដើម្បបានផ្តល់សេវា កាតព្វកិច្ចសកល និងសេវាសកល នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឲ្យដល់ទីជនបទ និងកន្លែងឆ្ងាយដាច់ស្រយាលពុំមានសកម្មភាពពាណិជ្ជកម្ម និងមិនអាចចូលទៅដល់ ៕

នៅកម្ពុជាយើង មានចងនៅក្នុងមាត្រា៣៩ មាត្រា៤០ មាត្រា៤១ និងមាត្រា៤២ នៃច្បាប់ស្តីពីទូរគមនាគមន៍ ឆ្នាំ២០១៥ ដោយចែងបញ្ញត្តិថា «ប្រតិបត្តិករទូរគមនាគមន៍ ត្រូវចូលរួមលើកកម្ពស់សេវាកាតព្វសកល ដោយត្រូវបង់វិភាគទានចំនួន ២ (ពីរ) ភាគរយនៃចំណុលដែលរកបានពីការផ្តល់សេវាទូរគមនាគមន៍គ្រប់ប្រភេទរបស់ខ្លួន ចូលទៅក្នុងមូលនិធិសេវាកាតព្វកិច្ចសកល»!

ដោយ ៖ អុឹម វុត្ថា


ចែករំលែក៖