ព័ត៌មានទាន់ហេតុការណ៍៖

សមិទ្ធផលជាច្រើនក្នុងស្រុករមាសហែក ត្រូវបើកការដ្ឋាន និងដាក់ឱ្យប្រើប្រាស់ ឥដ្ឋក្រាលការ៉ូឡា អមផ្លូវ៣១៣១ជាគំរោងរបស់រដ្ឋបាលស្រុកឆ្នាំ២០២២

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិតាត្រាវ និងភូមិកំពង់ត្រាច ឃុំកំពង់ត្រាចក៏ដូចជាទូទាំង ស្រុករមាសហែក ទាំងមូលមានការរីករាយសប្បាយចិត្តខណៈមានសមិទ្ធផល នានាជាច្រើនហើយត្រូវបានបើកការដ្ឋាននិងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់លោក ស៊ូ ម៉ុល អភិបាលស្រុកនាពេលបច្ចប្បន្ននេះ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ស៊ូ ម៉ុល អភិបាលស្រុក បានដឹកនាំក្រុមការងារក្រោមឱវាទ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋាន មានផ្លូវចាក់បេតុងសរសៃដែកប្រវែង២៧៥ម៉ែត្រកំរាស់០.១៥ម៉ែត្រ និងដាក់លូរំដោះទឹកភ្លៀង ព្រមទាំងដាក់ឱ្យប្រើប្រាស់ ឥដ្ឋក្រាលការ៉ូឡា ជាង១៧០០ម៉ែត្រការ៉េអមផ្លូវ ៣១៣១  លូរំដោះទឹកប្រវែង៣៩០ម៉ែត្រមុខកាត់០.៦០ម៉ែត្រ និងក្រាលសាបបេតុងសសៃដែក៥០០ម៉ែត្រការ៉េ ជាគំរោងរបស់រដ្ឋបាលស្រុករមាសហែកឆ្នាំ២០២២។

លោក ស៊ូ ម៉ុល អភិបាលស្រុក បានថ្លែងថាក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើអោយខេត្តស្វាយរៀងក៏ដូចជាក្នុងស្រុករមាសហែកមានការរីកចម្រើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។

លោក ស៊ូ ម៉ុល  ជំរុញអោយអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើរដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ  ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ ឲ្យបានទាន់ពេលវេលា ។​

លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវបេតុងល្អងាយស្រួលធ្វើដំណើរ សូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនរបស់បុគ្គលណាម្នាក់ឡើយហើយចំពោះអ្នកម៉ៅការផ្លូវនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណះបច្ចេកទេសពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។

ប្រជាពលរដ្ឋ ក្នុងស្រុករមាសហែកបានថ្លែងអំណរគុណ យ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ដែលបានគិតគូរពីសុខទុក្ខលំបាករបស់ពួកគាត់ពិសេស លោកស៊ូម៉ុល អភិបាលស្រុក តែងតែចុះមកផ្ទាល់ដល់មូលដ្ឋាន តាមបណ្ដារភូមិ ឃុំដោយមិនប្រកាន់ខ្លួននោះទេដោយលោក ចង់ដឹងពី ទុក្ខលំបាកទុក្ខកង្វល់និងបញ្ហារសំណូមពរសំណើរផ្សេងៗរបស់ពួកគាត់ដែលបានកើតឡើងនាពេលកន្លងមក ៕

ដោយ៖ សុថាន


ចែករំលែក៖