ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិកបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូបានព្រមានថា ការបញ្ជូនប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់អាមេរិក គឺមីស៊ីល Patriot ទៅឱ្យអ៊ុយក្រែនគឺជាសកម្មភាពឌឺដងរបស់រដ្ឋាភិបាលលោកបៃដិន អាចជំរុញឱ្យមានលទ្ធលអាក្រក់ ។
ក្នុងពេលនេះដែរ វិមានក្រឹមឡាំង បានឱ្យដឹងថា ប្រព័ន្ធការពារមីស៉ីល ប៉ាទ្រីយ៉ូត (Patriot)នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់នៃកងកម្លាំងរុស្ស៉ី ប្រសិនបើប្រព័ន្ធមីស៊ីលនេះត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែន ដើម្បីស្ទាក់ចាប់មីស៊ីលរបស់ខ្លួនមែននោះ។
អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) កាលពីថ្ងៃពុធសប្តាហ៍នេះ បានព្រមានអង្គការណាតូ (NATO) ប្រឆាំងនឹងការផ្តល់ឱ្យទីក្រុងកៀវនូវប្រព័ន្ធការពារមីស៊ីល Patriot ខណៈដែលវិមានក្រឹមឡាំងនឹងចាត់ទុកសកម្មភាពនេះជាការបង្កហេតុ។
អ៊ុយក្រែនបាននិងកំពុងស្នើសុំឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន បង្កើនការផ្តល់ប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ព្រមជាមួយនឹងការប្រកាសពីជោគជ័យនៃកងកម្លាំងរបស់ខ្លួនដែលបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ីចំនួន១៣គ្រឿង ដែលត្រូវបានបាញ់បង្ហោះឆ្ពោះទៅកាន់ទីក្រុងកៀវ កាលពីថ្ងៃពុធសប្តាហ៍នេះ។
បច្ចុប្បន្នទាំងរុស្ស៊ី និងអ៊ុយក្រែន មិនទាន់បានចូលរួមក្នុងកិច្ចពិភាក្សាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែក្ដៅគគុកនៅភាគខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបន្តបាញ់មីស៊ីល និងយន្តហោះដ្រូនទៅលើទីតាំងថាមពលនិងទឹកនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP
រូបថត ៖ REUTERS