ខ្សែប្រយុទ្ធប្រេស៊ីល និងកំពុងលេងឲ្យក្រុមមាន់ខ្នាយមាស Tottenhamកីឡាករ Richarlison នឹងត្រូវសម្រាកនៅក្រៅទីលាន បន្ទាប់ពីបានរងរបួសសរសៃពួរក្នុងការចាញ់ក្រូអាតក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ។
ក្លិប Tottenham រំពឹងថា ខ្សែប្រយុទ្ធរូបនេះនឹងអវត្តមានជាច្រើនសប្តាហ៍ ប៉ុន្តែពួកគេនៅតែរង់ចាំលទ្ធផលនៃការស្កេន។ Richarlison វ័យ២៥ឆ្នាំត្រូវបានប្តូរចេញនៅនាទីទី៨៤មុនពេលប្រេស៊ីលចាញ់ ៤–២ ដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ១–១ ជាមួយក្រុមក្រូអាត។កីឡាកររូបនេះស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង៤ប្រកួតនៅប្រទេសកាតា។
នេះជាបញ្ហារបួសចុងក្រោយបំផុតក្នុងរដូវកាលនេះសម្រាប់គ្រូបង្វឹកលោក Antonio Conte។ អ្នកចាត់ការទូទៅក្រុម Spurs រូបនេះបានឲ្យដឹងពីការរងរបួសកីឡាករមួយចំនួនដែរដូចជា Dejan Kulusevski, Cristian Romero និង Son Heung-min ពេញមួយរដូវកាល។
ព័ត៌មាននេះមានន័យថា ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane នឹងមិនមានឱកាសសម្រាកទៀតទេ ហើយនឹងត្រូវចាប់ផ្តើមនៅប្រកួតឲ្យក្លិបនៅក្រៅទឹកដី ដោយប៉ះក្រុម Brentford នៅថ្ងៃទី២៦ ខែធ្នូ នៅពេលដែល Premier League ត្រលប់មកវិញ។
ខ្សែប្រយុទ្ធ Richarlison បានខកខានការប្រកួតចំនួន៦សម្រាប់ក្រុម Spurs មុនការប្រកួត World Cup ដោយសារតែរបួសកំភួនជើង។ បច្ចុប្បន្នក្រុមមាន់ខ្នាយមាស Tottenham កំពុងឈរចំណាត់ថ្នាក់លេខ៤មាន២៩ពិន្ទុ ចាញ់ក្រុមកំពូលតារាង Arsenal រហូតដល់៨ពិន្ទុ ក្នុង១៥ប្រកួតនៅ Premier League រដូវកាលនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)