ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទរស័ព្ទដៃ

ចែករំលែក៖

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់មានជំនាញខាងដើរឆក់ទរស័ព្ទដៃរបស់គេនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួននៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទីព្រឹក នៅចំណុចផ្លូវលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ រិទ្ធី សុភា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិអ៊ិស្លាម មានទីលំនៅផ្ទះលេខ១៤១៦ ភូមិ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរសាក់រូប (មានសារធាតុញៀន) ។

    សម្ភារដកហូតបានមានម៉ូតូ០១គ្រឿង ម៉ាកNEX ពណ៌សលាយខៀវ អត់ពាក់ស្លាកលេខ។

    លោកវរសេនីយ៍ទោ ផន អូន អធិការរងនគរបាលខណ្ឌចំការមនបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះជានារីម្នាក់បានជិះម៉ូតូកង់បីចេញពីផ្ទះមិត្តភក្តិឆ្ពោះទៅផ្ទះរបស់ខ្លួនវិញ លុះជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យជិះម៉ូតូមកធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃជនរងគ្រោះដែលកំពុងកាន់និយាយ ពេលនោះអ្នករត់កង់បីក៏បានឃើញទាន់ស្ទះចាប់ទាញបណ្តាលឱ្យជនសង្ស័យដួលម៉ូតូចាប់បានម្នាក់ ឯជនសង្ស័យម្នាក់ទៀតត្រូវជនសង្ស័យជាបក្ខពួកឱ្យឡើងជិះម៉ូតូបើករត់គេចខ្លួនបាត់ ទៅ។

   នៅចំពោះមុខ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍កំពុងធ្វើការស្រាវជ្រាវរកបក្ខពួកបន្ថែម និងជនសង្ស័យដែលឃាត់ខ្លួនបានសមត្ថកិច្ចជំនាញកំពុងសួរនាំដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖