ព័ត៌មានទាន់ហេតុការណ៍៖

លោកកើត ឆែ ៖ សន្តិភាពបាននាំឱ្យកម្ពុជា មានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ

ចែករំលែក៖

ភ្នំពេញ៖  លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា កត្តាសុខសន្តិភាពបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍអត់ឈប់ឈរទាំងអាណាចក្រនិងពុទ្ធចក្រ ដែលប្រជាពលរដ្ឋទាំងអស់សប្បាយ រីករាយនិងប្រាថ្នាចង់បានគ្រប់ៗគ្នា។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងពិធី “សម្ពោធកុដិ១ ខ្នង និងសមិទ្ធផលនានាក្នុងវត្តតាំងកសាំងខាងជើង” ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា តំណាងឱ្យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។

លោកកើត ឆែបានថ្លែងថា  រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍវិស័យពុទ្ធសាសនាឱ្យមានភាពរីកចម្រើន ដោយបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងផ្នែកពុទ្ធចក្រនឹងផ្នែកអាណាចក្រ ជាពិសេស ស្វែងរកភាពសុខដុមនីយកម្មនៃវិស័យសាសនាក្នុងសង្គមកម្ពុជា ដើម្បីពង្រឹងនូវសាមគ្គីភាព សិល្បៈនៃការចែករំលែកនិងឈោងចាប់យកសុខសន្តិភាពដ៏ពេញលេញ សុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍជាតិ មាតុភូមិ។ 

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនប្រជាជនខ្មែរនូវសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងមានការបើកទូលាយក្នងការប្រតិបត្តិសាសនា ធ្វើឱ្យពុទ្ធបរិស័ទទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានារស់នៅយ៉ាងសុខដុមរមនា ហើយសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងកន្លែងសក្ការៈបូជានានា ត្រូវបានកសាងឡើងជាបន្តបន្ទាប់គ្រប់ទិសទីពាសពេញផ្ទៃប្រទេស។

លោកបានបន្តថា សមិទ្ធផលទាំងឡាយដែលត្រូវបានកសាងឡើងក្នុងទីវត្តតាំងក្រសាំងខាងជើងនាពេលនេះ គឺបានកើតចេញពីមនុញ្ញផលនៃ “សន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ក្រោមនយោបាយ “ឈ្នះ=ឈ្នះ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈកម្លាំង មហាសាមគ្គីរបស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីទ្រទ្រង់លើកស្ទួយវិស័យពុទ្ធសាសនា ។ ដូច្នេះ “សន្តិភាព” គឺជាកត្តាសារវន្ត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិរបស់យើងគ្មានសុខ សន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសមសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្តអារាម និងទីកន្លែងសក្ការៈបូជា គ្រប់ទិសទីពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្តបន្ទាប់ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។

លោកកិត្តិសង្គហបណ្ឌិត ទេព ងន បានថ្លែងឱ្យដឹងដែរថា  ការរីកចម្រើនផ្នែកអាណាចក្រនិងពុទ្ធចក្រគួរជាទីមោទនៈ ដោយធានាបានសុខដុមនីយកម្មរវាងសាសនាទាំងអស់ក្នុងប្រទេសកម្ពុជា ហើយគ្មានការរើសអើងនិងគ្មានជម្លោះសាសនា។  ដោយឡែកការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជានៅទូទាំងប្រទេសនិងក្រៅប្រទេស។  

លោកបានបន្តថា ការរីកចម្តើនផ្នែកវិស័យពុទ្ធសាសនាគឺបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការអប់រំ ការអភិវឌ្ឍធនធានមនុស្ស  និងបានដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព  សាមគ្គីភាព និងមិត្តភាពដែលជាមាគ៌ាដ៏ប្រពៃនាំឱ្យសម្រេចគោលដៅសង្គម គឺបំបាត់អំពើហិង្សា ប្រទូស្តរាយ  ការប្រព្រឹត្តអំពើទុច្ចរិត  និងអនាចារ្យផ្សេងៗ។

    សូមបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវសម្ពោធឆ្លងនាពេលនេះ គឺមានកុដិថ្មី ១ខ្នង មានទំហំ ១២ម៉ែត្រគុណនឹង ១៤ម៉ែត្រ កម្ពស់ជាន់ផ្ទាល់ដី ដែលអគារនេះបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ដោយបានជាវពុទ្ធបដិមាថ្មកែវចំនួន២៨អង្គទុកជាទី សក្ការៈបូជាសរុបចំណាយបច្ច័យកសាងអស់ចំនួន ១៧៣.៦១៤ ដុល្លារ ។ក្រៅអំពីសមិទ្ធផលនេះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាងឡើងក្នុងទីវត្តតាំងក្រសាំងខាងជើងយើងនេះ ក្នុងនោះ រួមមាន កសាងប្រាសាទទេវតា២កន្លែង, កសាងពុទ្ធបដិមាប្រោសបញ្ចវគ្គីយ៍, កសាងខ្លោងទ្វារផ្នែកខាងលិចវត្ត ១កន្លែង, កសាងរបងវត្តផ្នែកខាងមុខ ប្រវែង៣០០ម៉ែត្រ, កសាងផ្លូវបេតុងចូលវត្ដវែង៣២០ម៉ែត្រ, កសាងផ្លូវបេតុងខាងក្រៅវត្តផ្នែកខាងកើតប្រវែង ២៧០ ម៉ែត្រ, ធ្វើផ្លូវក្រាលក្រួសក្រហមខាងក្រៅវត្តផ្នែកខាងត្បូងប្រវែង ២៥០ ម៉ែត្រ, ក្រាលម៉ាបជណ្តើរឡើងឧបដ្ឋានសាលា, ចាក់សាបនិងក្រាលការ៉ូឡាសម្អាតទីធ្លាវត្តទំហំ១,៨០០ម៉ែត្រក្រឡារួមទាំងរៀបចំកែលម្អសួនច្បារក្នុងវត្តផងដែរ ហើយបើសរុបជារួមគម្រោងនេះចំណាយបច្ច័យកសាងអស់ចំនួន៤២៨.៩៧០ដុល្លារ ៕

ដោយ ៖ សំរិត


ចែករំលែក៖