ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះផ្ទះមួយខ្នងនិងទ្រព្យសម្បត្តិមួយចំនួននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកធ្វើអន្តរាគមន៍យករថយន្តពន្លត់អគ្កិភ័យចំនួន២គ្រឿងជួយបាញ់ពន្លត់ ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងស្ថានការណ៍បាន ខណៈដែលសមត្ថកិច្ចអះអាងថាមូលហេតុដោយទុស្សេខ្សែភ្លើង។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផែស្ងួត សូ ងួន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ យ៉េត វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសី ឆេះខូចខាតទាំងស្រុង រួមជាមួយទ្រព្យសម្បត្តិដោយមិនទាន់សរុបទឹកប្រាក់នៅឡើយទេ តែករណីខាងលើនេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។

    ប្រភពបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាមានករណីអគ្គិភ័យភ្លាម កម្លាំងនគរបាលក្រុងសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងបាវិតនិងអាជ្ញារធរមូលដ្ឋានជាច្រើននាក់បានយករថយន្ដពន្លត់អគ្គីភ័យ២គ្រឿងមកជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

   សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យខាងលើកើតឡើងដោយសារមកពីទុស្សេខ្សែភ្លើង៕

ដោយ៖ សុថាន


ចែករំលែក៖