ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារវិបត្តិស្នេហា​ធ្វេីឱ្យបុរសម្នាក់បញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះជួលមួយកន្លែងនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ​ ៖​ ព្រោះតែវិបត្តិស្នេហា​បានធ្វេីឱ្យបុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយយកខ្សែចងកភ្ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​អ្នកជិតខាងកាលពីវេលាម៉ោង៧ យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២​ ស្ថិតនៅបន្ទប់ជួលជាន់ទី១ ផ្ទះលេខ៩០០  ផ្លូវបេតុង ជាប់របងព្រះវិហារចិន​ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

​    សពជនរងគ្រោះមានឈ្មោះ គី​ ចាន់សិលា ភេទប្រុស អាយុ២៩ឆ្នាំ  មានមុខរបរធ្វើការនៅហាង ស្នាក់នៅកន្លែងបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើត នៅភូមិឆ្លង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លង ខេត្តក្រចេះ។

​     តាមសម្ដីម្ដាយជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា ក្រុមគ្រួសាររបស់គាត់បានមកស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើរយៈពេល ២ឆ្នាំមកហើយ ដោយកូនប្រុសរបស់គាត់បានស្គាល់នារីម្នាក់រយៈពេល ៤-៥ ឆ្នាំហើយដែរ តែរូបគាត់មិនទាន់បានរៀបចំផ្សំផ្គុំឱ្យពួកគេនោះទេ​ ។ ក្រោយមកកូនរបស់គាត់បានមានជម្លោះជាមួយសង្សាររយៈពេលជិត២ខែមកហើយ ដោយភាគីទាំងពីរចេះតែឈ្លោះគ្នាជាប្រចាំ លុះនៅថ្ងៃកើតហេតុខាងលើវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ១៩ខែធ្នូកូនប្រុសរបស់គាត់បានចេញពីធ្វើការនៅហាង ដោយមកសម្រាកនៅបន្ទប់ជួលដូចសព្វរាល់ដង  ខណៈនោះក៏មានប្អូនថ្លៃម្នាក់ដើរចូលទៅគោះទ្វារតែជនរងគ្រោះមិនភ្ញាក់ ក៏បានដើរចេញទៅវិញនិងមិនបានចាប់អារម្មណ៍នោះទេ។

​    ក្រោយមកដល់ម៉ោង៧ យប់ថ្ងៃទី១៩ ខែឆ្នាំដដែល ក៏មានសាច់ញាតិបើកទ្វារចូលទៅមើល ក៍ប្រទះឃើញជនរងគ្រោះយកខ្សែចងកភ្ជាប់ជាមួយប្រហោងឥដ្ឋខ្យល់ ស្លាប់បាត់បង់ជីវិតទៅហើយ ទើបបង្កឲ្យមានភ្ញាក់ផ្អើលដល់សាច់ញាតិ នាំគ្នារាយការណ៍ជូនសមត្ថកិច្ច។

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យចុះមកពនិត្យសព ហើយបានបញ្ចាក់ប្រាប់ថា​ ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន រួចធ្វេីកំណត់ហេតុប្រគល់សពជូនសាច់ញាតិយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖