ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិអនុម័តដំណោះស្រាយស្តីពីមីយ៉ាន់ម៉ាជាលើកដំបូងក្នុងរយៈពេល៧ទសវត្សរ៍

ចែករំលែក៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២១ ខែធ្នូបានអនុម័តដំណោះស្រាយលើប្រទេសមីយ៉ាន់ម៉ាជាលើកដំបូងក្នុងរយៈពេល៧៤ឆ្នាំដោយទាមទារឱ្យបញ្ចប់អំពើហិង្សានិងជំរុញឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយរួមទាំងលោកស្រី Aung San Suu Kyi ផងដែរ។
ជាមួយនឹងសំឡេងគាំទ្រ១២លើ ១៥សំឡេង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយដែលស្នើឡើងដោយចក្រភពអង់គ្លេស។ សមាជិកបីរូបនៃក្រុមប្រឹក្សាសន្តិសុខ គឺចិន រុស្ស៊ី និងឥណ្ឌាបានបោះឆ្នោតអនុបវាទ។
លោកស្រី Barbara Woodward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅ UN បាននិយាយបន្ទាប់ពីការបោះឆ្នោតលើសេចក្តីព្រាងរបស់អង់គ្លេសយ៉ាងដូច្នេះថា «ថ្ងៃនេះយើងសូមផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់របបដឹកនាំដោយយោធាថា ពួកគេមិនចាំបាច់មានការសង្ស័យឡើយ យើងរំពឹងថាដំណោះស្រាយនេះនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ។ យើងក៏សូមផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រជាជនមីយ៉ាន់ម៉ាដែរថា យើងនឹងស្វែងរកការរីកចម្រើនស្របតាមសិទ្ធិ បំណងប្រាថ្នា និងផលប្រយោជន៍របស់ពួកគេ»។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ UN ចង់ឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីថ្លែងការណ៍ផ្លូវការមួយស្តីពីមីយ៉ាន់ម៉ា ប៉ុន្តែមិនមែនជាដំណោះស្រាយនោះទេ។ រីឯឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅ UN និយាយថា ទីក្រុងមូស្គូមិនបានចាត់ទុកស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាថាជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិទេ ដូច្នេះមិនគួរត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ។
ក្នុងការបោះឆ្នោតស្វែងរកដំណោះស្រាយជុំវិញបញ្ហាប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្តាហ៍នេះ ប្រទេសចិន រុស្ស៊ី និងឥណ្ឌា បានបោះឆ្នោតវេតូ ខណៈដែលសមាជិក ១២នាក់ទៀតបានបោះឆ្នោតគាំទ្រ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ Reuters


ចែករំលែក៖