ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាបញ្ច្រាសផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

   ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងបុរសពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចចំហៀងស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះនិងអ្នករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដាឌ្រីម C-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខកំពង់ធំ1J-8960 ធ្វើដំណើរក្នុងទិសដៅពីលិចទិសកើតដោយបញ្ច្រាសផ្លូវ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមC-125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ1IP-6360ជិះដោយបុរសជាអ្នកដឹកជញ្ជូនម្នាក់ ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិច ចំពីមុខពេញទំហឹង បណ្ដាលឱ្យភាគីម៉ូតូឌ្រីម ស៊េរីឆ្នាំ២០១៦ ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ចំណែកភាគីម៉ូតូឌ្រីម ស៊េរីឆ្នាំ២០២២ រងរបួសធ្ងន់។ ភ្លាមនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖