អាជ្ញាធរសុខាភិបាលចិនបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មី រហូតដល់៥សែននាក់ក្នុងមួយថ្ងៃនៅទីក្រុង Qingdao ។ នៅពេលនេះទីក្រុងសៀងហៃ ក៏បានជំរុញឱ្យប្រជាជនកុំធ្វើដំណើរចេញទៅក្រៅក្នុងអំឡុងពេលបុណ្យណូអែល។
យោងតាមសារព័ត៌មាន China Daily កាលពីថ្ងៃទី ២៤ ខែធ្នូ គណៈកម្មាធិការសុខភាព Qingdao បាននិយាយថា ទីក្រុងភាគឦសាននៃប្រទេសចិននេះកំពុងកត់ត្រាករណីថ្មីប្រហែល ៥សែននាក់ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នៅឡើយទេ។
ចំណែកនៅទីក្រុងសៀងហៃវិញ មន្ត្រីក្នុងទីក្រុងបានជំរុញឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះសម្រាប់ថ្ងៃចុងសប្តាហ៍នៃពិធីបុណ្យណូអែល នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិនមួយនេះ ចំពេលដែលជំងឺកូវីដ-១៩ រីករាលដាលទូទាំងប្រទេស។
បុណ្យណូអែលមិនត្រូវបានប្រារព្ធជាប្រពៃណីនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែវាជារឿងធម្មតាសម្រាប់គូស្វាមីភរិយាវ័យក្មេង និងក្រុមគ្រួសារមួយចំនួនដែលចង់ចំណាយពេលថ្ងៃឈប់សម្រាកជាមួយគ្នា។
គណៈកម្មាធិការសុខាភិបាលប្រចាំក្រុងសៀងហៃ បានស្នើដល់យុវជនចៀសវាងការជួបជុំដែលមានមនុស្សច្រើន ដោយសារតែភាពងាយស្រួលនៃការរីករាលដាលនៃមេរោគឆ្លង និងអាកាសធាតុចុះត្រជាក់។
ជាធម្មតា ទីក្រុងសៀងហៃបានរៀបចំតុបតែងសម្រាប់បុណ្យណូអែលដ៏ធំនៅក្នុងតំបន់ផ្សារទំនើប។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ការរីករាលដាលនៃជំងឺអូមីក្រុងកំពុងធ្វើឱ្យអាជីវកម្មមួយចំនួនបង្ខំចិត្តលុបចោលការរៀបចំពិធីបុណ្យនេះ៕
ដោយ៖ ធីរីណា(រូបថត ៖ GT)