ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះព្រិលប៉ះពាល់ដល់៤៨រដ្ឋក្នុងទឹកដីអាមេរិក ជើងហោះហើរដល់ទៅ៦៥០០ជើងត្រូវលុបចោល

ចែករំលែក៖

យោងតាមនាយកដ្ឋានព្យាករណ៍អាកាសធាតុជាតិរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ព្យុះព្រិលដ៏គួរឱ្យភ័យខ្លាចបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សរាប់សិបលាននាក់នៅក្នុងប្រទេសនេះ។
អាកាសធាតុត្រជាក់បានគ្របដណ្តប់រដ្ឋទាំង ៤៨ របស់សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ ជើងហោះហើរជិត៦៥០០ ត្រូវបានលុបចោលដោយសារតែព្យុះព្រិល។យ៉ាងហោចណាស់មនុស្សជិត៥០ នាក់បានស្លាប់ ។
សារព័ត៌ AFP នៅថ្ងៃអង្គារទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថាការលុបចោល និងការពន្យារពេលជើងហោះហើរនានាដោយសារតែបញ្ហាអាកាសធាតុ ដែលរំខានចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងសប្តាហ៍មុន បានអូសបន្លាយចូលដល់ថ្ងៃនេះ។
យោងតាមសេវាតាមដានជើងហោះហើរ FlightAware ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាង ៣,៨០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃទី២៦ខែធ្នូ ក្នុងនោះមាន២,៨០០ជើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest ឬស្មើនឹងជិត ៧០%នៃគម្រោងជើងហោះហើរសរុបរបស់អាកាសចរណ៍នេះ។ រីឯការពន្យារពេលជើងហោះហើរទៅនិងមកសហរដ្ឋអាមេរិក មានចំនួន ៧,១០០ជើង។
ក្រុមហ៊ុន Southwest Airlines បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាប្រឈមកំពុងជះឥទ្ធិពលដល់អតិថិជននិងនិយោជិតរបស់យើងនៅក្នុងលក្ខខណ្ឌមួយដែលមិនអាចទទួលយកបាន។ ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងពិនិត្យមើលលើចំនួនដ៏ច្រើននៃជើងហោះហើររបស់ក្រុមហ៊ុន Southwest Airlines ដែលត្រូវបានលុបចោល និងពន្យារពេល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកំណត់ថាតើពួកគេអាចគ្រប់គ្រងស្ថានភាពនេះបានឬទេ។
សូមបញ្ជាក់ថា Southwest Airlines ដែលមានមូលដ្ឋាននៅទីក្រុងដាឡាស់ (Dallas) នៃរដ្ឋតិចសាស់ និងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃទាបបំផុតមួយរបស់ពិភពលោកបានប៉ាន់ប្រមាណថា ការរំខានដោយសារកត្តាអាកាសធាតុ អាចនឹងបន្តរហូតដល់ពេលឆ្លងឆ្នាំនៅចុងសប្តាហ៍នេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ vtv.vn


ចែករំលែក៖